ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ សហការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈវិស័យសិល្បៈវប្បធម៌

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ។ ការរៀបចំគម្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ។

ក្នុងជំនួបពិភាក្សានោះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលថ្ងៃខាងមុខ ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ។

យោងតាមស្មារតីនៃកិច្ចពិភាក្សា ការលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ គឺ ផ្តោតទៅលើសីលធម៌ សុជីវធម៌របស់ស្ត្រីខ្មែរ ធ្វើយ៉ាងណាដើម្បីឱ្យការស់នៅរបស់យុវជននាសម័យនេះ នៅក្នុងសង្គមប្រកបដោយសុខសុភមង្គល មិនមានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារមិនមានអំពើហិង្សា ជៀសផុតពីការបោក ប្រាស់ជាដើម។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា សិល្បករសិល្បការនី ពិតជាមានឥទ្ធិពលយ៉ាងធំធេងចំពោះអ្នកគាំទ្រ ជាពិសេសក្រុមយុវវ័យ ទាំងអាកប្បកិរិយា សម្លៀកបំពាក់ របៀបរបបនៃការនិយាយស្តី ឬក៏ការតុបតែងខ្លួនជាដើម ។ ដូច្នេះហើយ ការបញ្ច្រៀបសារអប់រំណាមួយ ដល់ក្រុមគោលដៅនោះ ពិតជាមានភាពងាយស្រួល តាមរយៈអ្នកសិល្បៈដែលមានប្រជាប្រិយភាព និងមានការគាំទ្រច្រើន ។

លោកជំទាវរដ្ឋមន្ត្រី បានស្នើសុំរកការជួយសម្រួលការផលិតវីដេអូអប់រំខ្លីៗ តែមានខ្លឹមសារគ្រប់គ្រាន់ សំរាប់ផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅតាមទូរទស្សន៍ និងបណ្តាញសង្គម ក្នុងបំណងដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងគោលដៅថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គលនៅក្នុងគ្រួសារ ដោយលើកកម្ពស់ ស្ថានភាព តួនាទី សុខុ មាលភាពស្រ្តីខ្មែរ តាមរយៈការជ្រើសចេញពីអ្នកសិល្បៈដែលមានប្រជាប្រិយភាព ឬពីក្រសួងកិច្ចនារីផ្ទាល់ជាដើម ។

ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួលសំណើទាំងអស់របស់លោកជំទាវរដ្ឋមន្ត្រី ដើម្បីយកមកពិភាក្សាជាមួយក្រុមការងារ រកដំណោះស្រាយជូនដល់ក្រសួងទៅតាមលទ្ធភាព ដែលសមាគមអាចធ្វើបាន ក្នុងន័យចូលរួមជាមួយក្រសួងកិច្ចនារី ដើម្បីជាផលប្រយោជន៍រួមគ្នារបស់សង្គមជាតិទាំងមូល ។

ជាលទ្ធផល ស្ថាប័នទាំងពីរ បានឯកភាពគ្នាក្នុងកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើសកម្មភាពគន្លឹះសំខាន់ៗដែលរួមមាន៖ រៀបចំព្រឹត្តិការ ណ៍អប់រំផ្សព្វផ្សាយក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ តាមរយៈការផលិតសារអប់រំខ្លីៗដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញសង្គម, រៀបចំព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា, ចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ លុបបំបាត់អំពើហិង្សា, និងទិវារក្មេងស្រី ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព៖ FB សមាគមសិល្បករខ្មែរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner