ឆ្នាំនេះទេសចរសម្រុកទៅលេងកោះទន្សាយ ច្រើនជាងឆ្នាំមុន
កែប៖អំលុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវទេសចរចម្រុះបានធ្វើ ដំណើរទៅកំសាន្ត នៅកោះទន្សាយខេត្តកែបច្រើនជាងឆ្នាំមុន គឺក្នុងរង្វង់ចន្លោះពី២៥ ទៅ៣០ភាគរយ ។នេះបើតាមការបញ្ជាក់ របស់លោក វី រេត អ្នកលក់សំបុត្រទូក នៅផែកោះទន្សាយ ។

ប្រាប់ភ្នាក់ងារអប្សរា លោក វី រេត អ្នកលក់សំបុត្រទូកនៅផែកោះទន្សាយបានបង្ហាញនូវការកត់សម្គាល់ពីកំណើនភ្ញៀវ ទេសចរចម្រុះធ្វើដំណើរពីដី គោកទៅកម្សាន្តនៅកោះទន្សាយដែលទល់មុខនឹងក្រុងកែប ។លោកបានបន្ថែមថាភ្ញៀវ ទេសចរដែលធ្វើដំណើរទៅលេងកោះទន្សាយ មានទឹកមុខសប្បាយរីករាយ ព្រោះឃើញមានផែថ្មី ដែលស្អាតប្រកបដោយអនាម័យ និងបរិស្ថានល្អ។ពិសេសការធ្វើដំណើរមានសុវត្ថិភាព។

ដើម្បីទៅកម្សាន្តនៅកោះទន្សាយដែលមានចម្ងាយប្រមាណបួនគីឡូម៉ែត្រពីដីគោក ភ្ញៀវត្រូវជួលកាណូតជិះ។កាណូតមួយគ្រឿងតម្លៃ២៥ដុល្លារសម្រាប់ ធ្វើដំណើរទៅមក, បើភ្ញៀវខ្មែរអាចជិះបានពីម្នាក់ដល់១០នាក់។ដោយឡែកសម្រាប់ភ្ញៀវបរទេសអាចជិះពីម្នាក់ដល់៦នាក់ ។សម្រាប់ភ្ញៀវ បរទេសដែលទិញភ្លាមចេញភ្លាម ជិះពីម្នាក់ដល់៤នាក់ តម្លៃ២៥ដុល្លារ។

អ្នកលក់សំបុត្របានឱ្យដឹងថា មុនពេលចេញដំណើរ មានអ្នកបច្ចេកទេស ពិនិត្យយ៉ាងហ្មត់ចត់ ។ភ្ញៀវត្រូវបានផ្តល់អាវពោងសុវត្ថិភាព ។
ទាក់ទងនឹងដំណើរកម្សាន្តនេះដែរ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ ខេត្តកែបបានឱ្យដឹងថា ភ្ញៀវដែលមកកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ រយៈពេលពីរថ្ងៃខេត្តកែបទទួលបានភ្ញៀវជិត៥ ម៉ឺននាក់ ពោលគឺនៅថ្ងៃទី២៩ ខែមករាភ្ញៀវចំនួន១៥ ៩៩៦នាក់ ក្នុងនេះភ្ញៀវជាតិ ១៥ ៨៨១នាក់ និងភ្ញៀវបរទេស ចំនួន១១៥នាក់។ នៅថ្ងៃទី៣០ ខែមករាមានភ្ញៀវចំនួន២៩ ១១៣នាក់ ក្នុងនោះភ្ញៀវជាតិចំនួន២៨ ៩៣៨នាក់ និងភ្ញៀវបរទេស១៧៦នាក់ ។

គោលដៅទេសចរណ៍សំខាន់ៗនៅខេត្តកែបមានដូចជា ឆ្នេរស្រីស ឆ្នេរអង្កោល កោះទន្សាយ និងផ្សារក្តាមជាដើម ។
សូមជម្រាបថា ភ្ញៀវដែលទៅលេងកោះទន្សាយ មួយចំនួនធ្លាប់ទៅលេង ជាញឹកញាប់រួចមកហើយ តែភ្ញៀវខ្លះទៀត ទើបនឹងបានទៅជាលើកដំបូង។
តើនៅកោះទន្សាយមានអ្វីទាក់ទាញខ្លះ? នោះគឺទេសភាពដ៏ស្អាត គួរជាទីគយគន់និងផ្តិតយករូបភាពមិនចេះអស់។ មានឆ្នេរដែលអាចមុជ ទឹកលេងកម្សាន្តបានដោយរីករាយ។មានអនាម័យ បរិស្ថានល្អ។តម្លៃម្ហូបអាហារសមរម្យ។មានផែទេសចរណ៍រឹងមាំ៕
ដោយ៖ សិលា សារិន
