មន្ទីរអប់រំខេត្តបាត់ដំបង ប្រារព្ធសន្និបាតបូកសរុបការងារប្រចាំឆ្នាំ

បាត់ដំបង៖មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធសន្និបាតបូក​សរុប​វាយ​តម្លៃការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការ​ងារ​ឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលប្រជុំមន្ទីរក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។

មានប្រសាសន៍ក្នុងឱកាសបើកសន្និបាត ឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់ដំបង បានស្នើដល់អង្គសន្និបាត​សូម​ធ្វើការ​ពិភាក្សាផ្លាស់ប្តូរ​យោបល់គ្នា ក្នុងការវាយតម្លៃឱ្យបានត្រឹមត្រូវ ព្រមទាំងកំណត់នូវទិសដៅ វិធានការ និងសកម្មភាព ឱ្យ​បានសមស្រប តាមការអនុវត្តយុទ្ធសាស្ត្រ​កំណែ​ទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាលទី១ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក​វិស័យអប់រំ​ជាវិស័យអាទិភាពទី១ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ក្នុងការ រួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន។

យោងតាមរបាយការណ៍របស់លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានឱ្យដឹងថាមកដល់បច្ចុប្បន្ន ខេត្ត​បាត់ដំបង​មានសាលារៀនសាធាណៈ គ្រប់ភូមិសិក្សាសរុប ១ ១៧៨សាលា, សាលារៀនឯកជន ៦៨​សាលានិងសាលាសហគមន៍ ២៤៣សាលា ។សរុបទាំងអស់ចំនួន១ ៤៨៩សាលា។បើធៀបនឹងឆ្នាំសិក្សា២០២៣-
២០២៤ មានសាលារៀនសរុបចំនួន១ ៤៨១សាលា គឺកើន​ឡើងចំនួន៨សាលា។ក្នុងនោះមត្តេយ្យសិក្សាមាន៦៧១កន្លែង កើន១០កន្លែង។សាលាបឋមសិក្សាមាន៦៧៥សាល។សាលាអនុវិទ្យាល័យ៩៧សាលា, វិទ្យាល័យចំនួន៤៦សាលា(ថយ
១សាលា)និងឧត្តមសិក្សាមានចំនួន១០កន្លែង។ មកដល់ដើមឆ្នាំ២០២៥នេះមានអគារសិក្សាសរុបទូទាំងខេត្ត ចំនួន១ ៩៧១ខ្នង ស្មើនឹង ៨ ២៥០ បន្ទប់ សម្រាប់ដំណើរការរៀនសូត្រនៅសាលា​រៀនសាធារណៈគ្រប់ភូមិសិក្សា។គឺ កើន​ឡើង​ចំនួន ១៤ខ្នង ៦៤បន្ទប់ ដែលផ្តល់ដោយថ្នាក់ដឹកនាំរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សប្បុរសជន និងការវិនិយោគរបស់​​វិស័យឯកជន ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner