អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រែប្រាំង ជិតមួយម៉ឺនហិកតា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ជំនាញកសិកម្ម និងអាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបញ្ជូនទឹក​ទៅស្រោចស្រពស្រែប្រាំងជិតមួយម៉ឺនហិកតា ដែលតំបន់ខ្លះកំពុងជួបបញ្ហាប្រឈមខ្វះទឹក។

ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍មានប្រឡាយមេចំនួន១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ  ។សរុបប្រវែង ១០៥,៣៧​គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ, សំណង់​សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿង ចំនួនមួយកន្លែង។

ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង ដោយប្រើ​ប្រាស់ប្រភពទឹកពីទន្លេមេគង្គ។

ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំ ដែលបូមទឹកចេញពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។ គម្រោងនេះប្រើប្រាស់ថវិកាសរុប ប្រមាណ​ ៣២ លានដុល្លាអាមេរិក៕
ដោយ៖លី ពៅ

ads banner