ឆ្នាំមុន iPhone លក់បានលុយត្រឹម ៦៩ ពាន់លានដុល្លារប៉ុណ្ណោះ ទោះបំពាក់ AI
សាន់ ហ្វ្រាន់ស៊ីស្កូ ៖ ការលក់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះកាលពីចុងឆ្នាំមុន បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ ដាក់បញ្ចូលនូវមុខងារ Apple Intelligence (AI) ទៅក្នុងទូរស័ព្ទ iPhone ជាលើកដំបូងក៏ដោយ។
កន្លងមក នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ការដាក់បញ្ចូល AI ទៅក្នុងទូរស័ព្ទ iPhone បានជួយជំរុញការលក់ឱ្យកាន់តែស្ទុះឡើងខ្លាំងនៅក្នុងប្រទេសធំៗមួយចំនួន រួមទាំងសហរដ្ឋអាមេរិក។ ផ្ទុយពីការអះអាងនេះ ការលក់ទូរស័ព្ទ iPhone បែរជាបានដាំក្បាលចុះប្រហែល ១% បើធៀបនឹងឆ្នាំមុន នៅត្រឹមជាង ៦៩ពាន់លានដុល្លារ។
បន្ថែមលើនេះ Apple ក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗទៀតផងដែរ រួមទាំងការលក់ធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក ព្រមទាំងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ លោក Trump បានជំរុញឱ្យយកពន្ធរហូតដល់ ៦០% លើផលិតផលអេឡិចត្រូនិច ដែលផលិតនៅក្នុងប្រទេសចិន ដែលភាគច្រើនជារបស់ក្រុមហ៊ុន Apple។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា ការលក់សរុបបានកើនឡើង ៤% ដល់ជាង ១២៤ពាន់លានដុល្លារ ជំរុញពីការលក់កុំព្យូទ័រ និងកំណើនដ៏រឹងមាំនៅក្នុងអាជីវកម្មសេវាកម្ម ដែលរួមមាន Apple TV, Apple News និង Apple Pay ជាដើម។ ក្នុងនោះ ប្រាក់ចំណេញបានកើនឡើង ៧% ដល់ជាង ៣៦ពាន់លានដុល្លារ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា


