សន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៦

(ខេត្តកំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំប្រារព្ធសន្និបាតសាខាអាណត្តិទី៦ នាសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមានវត្តមានអញ្ជើញចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនសសយក សរុប២៣០នាក់ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។

យោងកម្រងច្បាប់កាកបាទក្រហមកម្ពុជា លក្ខន្តិកៈ ជំពូកទី៥ មាត្រា២៤ ស្តីពីសាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រម ទី៣៣ ស្តីពីសន្និបាតសាខា។ តាមនីតិវិធីអង្គសន្និបាតបានបោះឆ្នោតគាំទ្រសមាសភាពបេក្ខជន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចំនួន ១៥រូប សម្រាប់អាណត្ដិទី៦នេះដោយសម្លេងគាំទ្រ៧៤ លើ ៧៥សម្លេង ដោយអនុបវាទចំនួន ១សម្លេង ។ អនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធានអចិន្ត្រៃយ៍,អនុប្រធាន,ហេរញ្ញិកនិងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត។

របៀបវារៈសំខាន់ៗនៃអង្គសន្និបាតនេះគឺ៖
១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០)
២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)
៣/ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍ តំណាង ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអាណត្តិទី៦ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម៖ ១-ពង្រឹងអភិបាលកិច្ចល្អ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។ ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។ ៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ ។

បន្ទាប់ពីបញ្ចប់សន្និបាតសាខាអាណត្តិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអាណត្តិទី៦ ដែលមានអ្នកចូលរួមសរុបចំនួន ៥៥នាក់ផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner