ក្រសួងបរិស្ថាន បន្តអំពាវនាវឱ្យមានការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់ផ្សេងៗ និងការឆេះព្រៃ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានជាថ្មីម្តងទៀត បានជំរុញឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀត បង្ការ និងទប់ស្កាត់ករណីមានភ្លើងឆេះ ជាពិសេសការឆេះវាលស្មៅ ដើមឈើ និងព្រៃភ្នំ ដែលជាការព្រួយបារម្ភចំពោះការបង្កឱ្យមានការបំភាយផ្សែង ប៉ះពាល់បរិយាកាស ប៉ះពាល់ធនធានធម្មជាតិ ជីវៈចម្រុះ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅ ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ករណីខ្លះអាចបណ្តាលមកពីការមិនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើជាដើម ។

ក្រសួងរិស្ថាន បានជូនដំណឹង និងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ប្រសិនបើមានករណីភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុង តំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន ។

សូមបញ្ជាក់ថា កម្ពុជា មិនមានចំណុចក្តៅ Hotspot ច្រើននោះទេ និងរហូតមកដល់ពេលនេះ។ ស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅក្រោមកម្រិតស្តង់ដារខ្យល់សាធារណៈ មានន័យថាសន្ទស្សន៍គុណភាពខ្យល់ (AQI) គឺស្ថិតក្នុងកម្រិតប្រែប្រួលពី ៨.៥ ទៅ ២៥០មីក្រូក្រាម ក្នុង ១ម៉ែត្រគីបខ្យល់ ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបញ្ជាក់ថា ការពិនិត្យជាក់ស្តែងកម្ពុជាពុំមានការឆេះវាលស្រែចំការទំហំធំៗ និងការឆេះ មានរយៈពេលយូរឡើយទេ។ ជាសំណូមពរ ក្រសួងបរិស្ថាន ស្នើសុំឱ្យសាធារណជនមេត្តាតាមដានស្ថានភាពគុណភាពខ្យល់កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាយើង។ ចូលរួមប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវជាពិសេសបន្តចូលរួមក្នុងយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីផ្ទះយើងស្អាត មូលដ្ឋាយើងស្អាត ស្រុក ក្រុង ទីប្រជុំជនយើងស្អាត កម្ពុជាស្អាត គ្មានសំរាម សំណល់ប្លាស្ទិកនៅតាមទីសាធារណ និងតាមដងផ្លូវនៅពេលឆាបើៗខាងមុខ។

សូមចូលរួមសហការ ការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃ ការដុត សំរាម សំណល់ប្លាស្ទិក នៅលើទីវាល ជាដើម ដើម្បីបង្ការកុំឱ្យខ្យល់ពុលដោយប្រការណាមួយជាយថាហេតុ ។

អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ១០០លានរៀល ។ ដោយឡែក តាមមាត្រា៨៥១ ចំពោះបុគ្គលណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ។

ឯកឧត្តម ខ្វៃ អាទិត្យា មានជំនឿថា សាធារណជន និងជាពិសេសសអ្នកពាក់ព័ន្ធបានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ ប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយសហការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់នានាលើទិវាល និងការឆេះផ្សេងៗ ដែលបង្កឱ្យប៉ះពាល់សុខភាព និងបរិស្ថាន ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner