ហ្វីលីពីន៣០ម៉ឺននាក់ ប្រឈមបណ្តេញចេញពីអាមេរិក
បរទេស ៖ ផ្អែកលើរបាយការណ៍ មានពលរដ្ឋហ្វីលីពីនប្រមាណ៣០ម៉ឺននាក់ អាចប្រឈមនឹងការបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយសារតែការរស់នៅគ្មានឯកសារ បើអនុវត្តតាមបទបញ្ជារបស់លោក ប្រធានាធិបតី Donald Trump ជុំវិញជនអន្តោប្រវេសន៍។
កាសែត CNA បានចុះផ្សាយថា ដើម្បីសោះស្រាយស្ថានការណ៍នេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកគ្រោងនឹងជួបលោក Donald Trump ពិភាក្សាអំពីគោលនយោបាយ អន្តោប្រវេសន៍ របស់អាមេរិក។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីជះឥទ្ធិពលលើគោលនយោបាយអន្តោប្រវេសន៍ ដែលអាចប៉ះពាល់ដល់ប្រជាជនហ្វីលីពីន មួយចំនួនធំ នៅក្នុងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ លោក មិនទាន់បញ្ជាក់លម្អិត ពីពេលវេលាជាក់លាក់នៃគម្រោងជំនួប នៅឡើយទេ។
CNA បន្តថា ចាប់តាំងពីចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា លោក Donald Trump បានប្រកាសចេញ នូវបទបញ្ជាប្រតិបត្តិ ទាក់ទងនឹងអន្តោប្រវេសន៍ ដែលផ្តោតលើគោលនយោបាយព្រំដែនដ៏តឹងរ៉ឹង នីតិវិធីត្រួតពិនិត្យទិដ្ឋាការ កាន់តែតឹងតែង និង ការបង្ក្រាបលើជនចំណាកស្រុក ដែលគ្មានឯកសារ នៅក្នុងសហរដ្ឋអាមេរិក។
មានជនជាតិហ្វីលីពីន ដែលមិនមានឯកសារ ច្រើនជាង៣០០,០០០នាក់ កំពុងរស់ នៅក្នុងទឹកដី សហរដ្ឋអាមេរិក នេះបើយោងតាមការប៉ាន់ប្រមាណឆ្នាំ២០១៩ របស់វិទ្យាស្ថានគោលនយោបាយអន្តោប្រវេសន៍ Think Tank Migration Policy Institute។ រីឯ ការិយាល័យជំរឿនសហរដ្ឋអាមេរិកវិញ បានចេញផ្សាយរបាយការណ៍ កាលពីឆ្នាំ២០២៤ ថា ជនចំណាកស្រុកជិត២លាននាក់ មកពីប្រទេសហ្វីលីពីន បានទៅរស់ នៅក្នុងទឹកដី សហរដ្ឋអាមេរិក នេះបើតាមកាសែតរយធឺ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត