របបយោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី៧
ណៃពិដោ ៖ រដ្ឋាភិបាលយោធា មី យ៉ាន់ ម៉ា បានបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន រយៈពេល ៦ខែ បន្ថែមទៀត ដែលនេះដែលនេះជាការបន្តលើកទី៧ ចាបចាប់តាំងពីរបបយោធាបានឡើងកាន់អំណាចក្នុងឆ្នាំ ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មី យ៉ាន់ ម៉ា បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ បានសម្រេចចិត្តលើការពន្យារពេលនេះ។ ការសម្រេចចិត្តនេះ ធ្វើឡើងមួយ ថ្ងៃមុនខួបលើក ទី៤ នៃរដ្ឋប្រហារ ឆ្នាំ ២០២១។
នៅក្នុងរបាយការណ៍ មេដឹកនាំយោធា លោកឧត្តមសេនីយឯក មីន អោងឡាំង បាននិយាយថា សន្តិភាព និងស្ថិរភាពគឺជារឿងចាំបាច់ ដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលត្រូវបានរំពឹងថា នឹងរៀបចំឡើងនៅឆ្នាំនេះ។
រដ្ឋាភិបាលយោធាបានធ្វើជំរឿនកាលពីខែតុលា ដោយនិយាយថា បញ្ជីឈ្មោះអ្នកបោះឆ្នោតមានសារៈសំខាន់ សម្រាប់ការបោះឆ្នោត និងការផ្លាស់ប្តូរទៅជារបបដឹកនាំតាមបែបរដ្ឋាភិបាលស៊ីវិល។ ប៉ុន្តែការបោះឆ្នោតតម្រូវឱ្យមានការលើកឡើង នូវការប្រកាស អាសន្នផងដែរ។
របបដឹកនាំយោធាបាន ប្រកាសដាក់រដ្ឋក្នុងភាពអាសន្នលើកដំបូងនៅពេលដែលខ្លួន បានធ្វើរដ្ឋប្រហារដោយលើកហេតុថា ការធ្វើបែបនេះគឺជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងប្រទេសរបស់ខ្លួន។
បច្ចុប្បន្ន គ្មានការរំពឹងទុកនៃការបោះឆ្នោតនាពេលនេះទេ ខណៈដែលការប្រយុទ្ធគ្នាជាមួយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ អាចនឹងកាន់តែខ្លាំងឡើង៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា


