មនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿងនៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់បានរាយការណ៍ថា យន្តហោះឯកជនធុនតូចមួយគ្រឿង ដឹកនាំមនុស្សសរុបចំនួន ៦នាក់ ក្នុងនោះមានក្រុមការងារនៅលើយន្ដហោះ ៤នាក់ អ្នកជំងឺជាកុមារម្នាក់ និងអ្នកថែទាំអ្នកជំងឺម្នាក់ បានធ្លាក់នៅភាគឦសានទីក្រុង Philadelphia កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យពួកគេទាំងអស់បាត់បង់ជីវិត។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានទទួលស្គាល់ដែរថា មានមនុស្ស ៦នាក់ស្ថិតលើយន្ដហោះធុនតូចប្រភេទ Learjet 55 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jet Rescue Air Ambulance ដែលបានជួបគ្រោះថ្នាក់ធ្លាក់នៅម៉ោងប្រហែល ៦និង៣០នាទីលា្ងចថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា យន្ដហោះនេះបានធ្លាក់ចំតំបន់ទីប្រជុំជនមួយកន្លែងស្ថិតនៅក្បែរផ្សារទំនើប Roosevelt Mall បណ្ដាលឱ្យមានអគិ្គភ័យឆាបឆេះ និងធ្វើឱ្យមនុស្សជាច្រើននាក់នៅលើដីរងរបួស ហើយផ្ទះមួយខ្នង និងរថយន្ដជាច្រើនគ្រឿងត្រូវបានភ្លើងឆេះ។
ភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា វាជារឿងគួរឱ្យសោកសៅ ចំពោះគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅទីក្រុង Philadelphia រដ្ឋ Pennsylvania។
យ៉ាងណាមិញ គិតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុបណ្ដាលឱ្យយន្ដហោះមួយគ្រឿងនេះធ្លាក់នោះទេ តែគ្រោះថ្នាក់នេះបានកើតឡើងចំពេលអាកាសធាតុចុះត្រជាក់ខ្លាំងលាយឡំជាមួយភ្លៀងដែលពិបាកក្នុងការមើលផ្លូវ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_11-33-47-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_11-33-46-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_11-33-44-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_11-33-43-1024x682.jpg)