ធ្លាក់យន្តហោះមួយគ្រឿងនៅកេនយ៉ា ផ្តាច់ជីវិតគូស្នេហ៍មួយគូ
ណៃរ៉ូប៊ី ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលកេនយ៉ា ហៅកាត់ (KCAA) បានបញ្ជាក់ថា យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់នៅប្រទេសកេនយ៉ា កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាលឱ្យគូស្នេហ៍បរទេសមួយគូនៅលើយន្តហោះបាត់បង់ជីវិត។
អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលកេនយ៉ា លោក Emile Arao បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា យន្តហោះធុនតូចប្រភេទ Cessna 185 ដែលបានហោះចេញពីទីក្រុងណៃរ៉ូប៊ី ទៅកាន់ទីតាំងទេសចរណ៍ Mbaruk ស្ថិតនៅតំបន់ Nakuru បានធ្លាក់នៅក្នុងទីក្រុង Naivasha នៅម៉ោងប្រហែល ៥និង១៤នាទល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។
លោក Arao បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានមនុស្សពីរនាក់នៅលើយន្តហោះមួយគ្រឿងនោះ ហើយជាអកុសល គូស្នេហ៍មួយគូនេះបានបាត់បង់ជីវិត។ បច្ចុប្បន្ន អាជ្ញាធរ KCAA កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ រួមទាំងនាយកដ្ឋានស៊ើបអង្កេតគ្រោះថ្នាក់អាកាស អ្នកសង្គ្រោះបន្ទាន់ និងបុគ្គលិកសន្តិសុខក្នុងតំបន់ ដើម្បីប្រមូលព័ត៌មានលម្អិតបន្ថែម និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឆ្លើយតប។
ស្នងការរងប៉ូលិសក្រុង Naivasha លោក Charles Mwai បាននិយាយថា មូលហេតុនៅពីក្រោយឧបទ្ទវហេតុនេះ គេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែយោងតាមការសន្និដ្ឋានបឋម បញ្ហាអាកាសធាតុមិនអំណោយផល និង អ័ព្ទនៅតំបន់នោះ ប្រហែលជាដើមចងធ្វើឱ្យធ្លាក់យន្តហោះនេះ។ យ៉ាងណាមិញ លោកបានអះអាងថា អ្នកជំនាញអាកាសចរណ៍ត្រូវបានបញ្ជូនទៅកាន់ទីកន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា