ថ្ងៃ៣១ ខែមករា ក្រសួងធនធានទឹកបានអន្តរាគមន៍បូមទឹក​ទៅជួយសង្គ្រោះ​ស្រូវរដូវប្រាំង និងដំណាំរួមផ្សំនៅខេត្តចំនួន ៩ បានចំនួន ២ ៨៦៣ហិកតា

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញ​លទ្ធផល​ការងារ​របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមករា ដែលបានអន្តរាគមន៍បូមទឹក​ទៅជួយសង្គ្រោះ​ស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តចំនួន ៩ ដោយបានបូមទឹកជួយសង្គ្រោះបានចំនួន ២ ៨៦៣ហិកតា។

ខេត្តទាំង ៩ ដែលបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន៖ ទី១. ខេត្តកំពង់ធំ មានចំនួន ៤ទីតាំង ជួយសង្គ្រោះបានចំនួន ៧៩ហិកតា, ទី២.ខេត្តព្រៃវែង មានចំនួន ៧ទីតាំង ជួយសង្គ្រោះបានចំនួន ១ ១៧១ហិកតា, ទី៣. ខេត្តស្វាយរៀង មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៥០ហិកតា, ទី៤.ខេត្តកណ្ដាល មានចំនួន ១១ទីតាំង ជួយសង្គ្រោះបានចំនួន ៧២៥ហិកតា, ទី៥.ខេត្តក្រចេះ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៥ហិកតា, ទី៦. ខេត្តត្បូងឃ្មុំ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៦០ហិកតា, ទី៧.ខេត្តកំពង់ចាម មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៦១ហិកតា, ទី៨. ខេត្តកំពត មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៧០ហិកតា និងទី៩. ខេត្តសៀមរាប មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ៥៣២ហិកតា ។

ដោយឡែកលើបណ្ដាញសង្គមនៅថ្ងៃទី១ ខែកុម្ភៈ ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់
បានសរសេរថា ជជែកគ្នាជាមួយលោកមេភូមិ មេឃុំ និងតំណាងអាជ្ញាធរមូលដ្ឋាន​ទាំងអស់នៅ​ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាខ្វះខាតបង្កបង្កើនផល តាមរយៈយន្តការ​សហគមន៍កសិកម្មទំនើប។

ឯកឧត្តមបានទាញនូវការសន្និដ្ឋានមួយថា “មានតែការរៀបចំចងក្រងគ្នាទៅជាសហគមន៍​កសិកម្មទំនើបទេ​ទើបអាចដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតទឹកប្រកបដោយសមធម៌និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មិនថា​តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ទុនកម្ចី ឬការគាំទ្រខាងផ្នែកបច្ចេក​ទេសឡើយ។ តែអ្វីដែលសំខាន់នោះគឺត្រូវចាប់ផ្តើមពីអាជ្ញាធរមូលដ្ឋានរបស់យើងសិន យល់ពីសហគមន៍កសិកម្ម​ទំនើប​ឱ្យបានច្បាស់ និងអាចនិយាយ ផ្សព្វផ្សាយ ពន្យល់បន្តទៅកាន់បងប្អូនកសិករក្នុងសម្លេងតែមួយ និងទិសដៅតែមួយ ជៀសវាងនូវការយល់ច្រលំពីកម្មវិធីគោលនយោបាយដ៏មានសារៈសំខាន់នេះ”៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner