ស្ពានយោលឆ្លងស្ទឹងបវេលអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងសាងសង់រួចរាល់នៅខែកុម្ភៈនេះ
បាត់ដំបង៖ស្ពានយោលថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងបវេល ស្ថិតក្នុងភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងដែល កំពុងដំណើរសាងសង់យ៉ាងមមាញឹក និងប្រកបដោយទំនួលខុសត្រូវដោយក្រុមអ្នកជំនាញនឹងរួចរាល់ក្នុងខែកុម្ភៈនេះ ។សមិទ្ធផលនេះជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំនួសស្ពាន យោលចាស់ដែលមានអាយុជិត២០ឆ្នាំនិងទ្រុឌទ្រោមខ្លាំង។
ក្នុងឱកាសចុះពិនិត្យមើលពីវឌ្ឍនភាពការងាររបស់ក្រុមជាងកំពុងតែសាងសង់ស្ពានយោលមួយខ្សែប្រវែង៧៥ម៉ែត្រ និងទទឹង១,៥០ម៉ែត្រ ឆ្លងកាត់ស្ទឹងបវេលនៃភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ក្នុងសប្ដាហ៍នេះឯកឧត្តម ព្រួញ រិទ្ធថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំឃ្លាំងមាស និងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយមានសំណូមពរយ៉ាងទទូច ពីបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានក្នុងឃុំក្តុលតាហែន និងអ្នកភូមិដែលកំពុងរស់នៅក្នុងភូមិផ្ទាល់ទីនេះ បានស្នើសុំឱ្យក្រុមការងារជួយសាងសង់ស្ពានយោលនៅទីនេះ តាមរយៈអង្គវេទិកាទើបថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់នូវស្ពានយោលថ្មីជំនួសស្ពានយោលចាស់ និងបានណែនាំដល់ក្រុមការងារឱ្យសាងសង់ តាមរយៈរូបលោកផ្ទាល់ជាប្រធានក្រុមការងារនៅទីនេះ។
សូមជម្រាបថា កន្លងទៅមានស្ពានយោលមួយខ្សែដែរ ប៉ុន្តែដោយសារស្ពានមានអាយុជិត២០ឆ្នាំចាស់ទ្រុឌទ្រោមខ្លាំងមិនអាចប្រើប្រាស់សម្រាប់ឆ្លងកាត់ទៅមកបានប្រជាពល និងអាជ្ញាធរក្នុងមូលដ្ឋាន បានសំណូមក្នុងវេទិកាសាធារណៈកាលពីពេលថ្មីៗកន្លងទៅនេះនូវស្ពានថ្មីមួយខ្សែ។
លោក រស់ ឈាន តំណាងឱ្យអាជ្ញាធរឃុំក្តុលតាហែន និងប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម បានលើកឡើងថាប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយនេះ បានពឹងផ្អែកទាំងស្រុងលើស្ពានយោលមួយខ្សែនេះ សម្រាប់ធ្វើដំណើរទៅប្រកបមុខការងារស្រែចម្ការ ដឹកកសិផល ទៅកាន់ទីផ្សារ ទីប្រជុំជន ។ស្ពាននេះជួយសម្រួលឱ្យការធ្វើដំណើរបានឆាប់រហ័ស។ប៉ុន្តែដោយ
ស្ពានមុនបានទ្រុឌទ្រោមខ្លាំង ទើបប្រជាពលរដ្ឋ និងអាជ្ញាធរ សំណូមពរស្ពានដ៏ចាំបាច់នេះ។
សូមបញ្ជាក់ថា ស្ពានយោលថ្មីនៅទីនេះផ្តល់មានសារៈសំខាន់ក្នុងការជួយសម្រាលការលំបាកកន្លងមក ពិសេសរួមចំណែកបម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្ទាល់ និងអ្នកភូមិជិតខាងចំនួន ៦៣៥គ្រួសារ ក្នុងភូមិទាំង៧ នៃឃុំក្តុលតាហែន ទាំងមូល៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.