សាលារៀនជាង ៤០ នៅហុងគ្រី រងការគំរាមបំផ្ទុះគ្រាប់បែក
ប៊ុយដាប៉េស ៖ ប៉ូលិសជាតិហុងគ្រីបានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះថា រលកថ្មីនៃការគំរាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានរាយការណ៍នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយសាលារៀនចំនួន ៤៤កន្លែង បានទទួលសារអ៊ីមែលគំរាមកំហែង។
ក្នុងចំណោមស្ថាប័នអប់រំ ដែល ទទួល រង ផល ប៉ះ ពាល់ពីសារអ៊ីមែលនោះ មាន ១៣កន្លែង នៅ ទីក្រុង ប៊ុយដាប៉េស ខណៈដែល ៣១កន្លែងផ្សេងទៀតនៅ តំបន់ ជនបទ។ ក្រោយទទួលបានដំណឹង ភ្លាមៗប៉ូលិស បាន ឆ្លើយតប គ្រប់ ទីតាំង និងអនុវត្តវិធានការសន្តិសុខចាំបាច់នានា។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្នមិនទាន់រកឃើញគ្រឿងផ្ទុះ ឬឧបករណ៍ដែលមានសមត្ថភាពបំផ្ទុះនៅក្នុងអគារសាលារៀន ដែលត្រូវបានត្រួតពិនិត្យនៅឡើយទេ។ យ៉ាងណាមិញ ការិយាល័យស៊ើបអង្កេតជាតិ នៃក្រុមប៉ូលីសឆ្លើយតបរហ័ស កំពុងបន្តការស៊ើបអង្កេតរបស់ខ្លួនលើការគំរាមកំហែងនេះ។
ការគំរាមកំហែងបំផ្ទុះគ្រាប់បែកចុងក្រោយនេះកើតឡើងបន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នាកាលពីសប្តាហ៍មុន នៅពេលដែលសាលារៀនយ៉ាងតិច ២៩២កន្លែងនៅទីក្រុងប៊ុយដាប៉េស និងតំបន់ជុំវិញបានជម្លៀសប្រជាជនចេញ ដោយសារតែការគំរាមកំហែងដូចគ្នានេះ ត្រូវបានរាយការណ៍៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-50-35.jpg)