រដ្ឋមន្ដ្រីអប់រំចាត់ទុកបេសកកម្ម”កាយរឹទិ្ធជាតិកម្ពុជា” ឆ្លើយតបជាវិជ្ជមានទៅនឹងអនុសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តី
បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា ប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា”បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបជាវិជ្ជមាននិងមានប្រសិទ្ធភាពបំផុត ទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី៖ ការលើកកម្ពស់ គុណភាពអប់រំ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-51-54-1024x576.jpg)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ដូចនេះកាលពីថ្ងៃទី៣០ ខែមករា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និង បំពាក់កន្សែងជូនមេដឹកនាំកាយរឹទ្ធិនៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង(NUBB) ចំនួន១៥៥នាក់ (ស្រី៤៦នាក់ )។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-52-00-1024x576.jpg)
ក្នុងពិធីដែលមានការចូលរួមពីឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ,តំណាងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង,មន្ត្រីមកពីនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធនិងអង្គភាពពាក់ព័ន្ធផង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្តថា អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ” ស្តីពីការ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដោយការបញ្ចូលសកម្មភាពកាយរឹទិ្ធ ចូលរួមការពង្រឹងសកម្មភាពក្រៅម៉ោងសិក្សាការពង្រឹងនូវវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌និងឥរិយាបថល្អដល់សិស្ស ដើម្បីឆ្លើយតបស្របតាមស្តង់ដាសាលារៀនគំរូ»។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-51-26-1024x576.jpg)
ឯកឧត្តមបានបន្ថែមថា៖ការរៀបចំ «ក្លឹបកាយរឹទិ្ធ» នៅតាមសាលារៀន បានបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អ ព្រមទាំងជួយគាំទ្រដល់ក្រុមប្រឹក្សាកុមារកម្ពុជា ក្រុមប្រឹក្សាយុវជនកម្ពុជា និងការពង្រឹងការគ្រប់គ្រង នៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងការជំរុញចលនាប្រឡងប្រណាំងបីល្អ«កូនល្អ សិស្សល្អ មិត្តល្អ» ដូចជាការបង្កើតក្លឹបសកម្មភាពយុវជននិងក្លឹបសិក្សាសម្រាប់ជួយបំប៉នបន្ថែមដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ទាំងនេះគឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការគាំទ្រសាលារៀនគំរូ និងប្រែក្លាយយុវជន និងកុមារទៅជាពលរដ្ឋល្អ ពលរដ្ឋសកលនិងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-51-47-1024x576.jpg)
ក្នុងឱកាសនេះឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងជាមេកងឯកភាព នៃសាកលវិទ្យាល័យជាតិបាត់ដំបង បញ្ជាក់ថា នេះជាលើកទី១ ដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ បានរៀបចំនូវកម្មវិធីបណ្តុះបណ្តាលជំនាញកាយរឹទិ្ធ និងបំពាក់កន្សែងកាយរឹទិ្ធដល់ថ្នាក់ដឹកនាំនិង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ស្របតាមរចនាសម្ព័ន្ធគ្រប់គ្រង របស់សាកលវិទ្យាល័យទាំងមូល។ឯកឧត្តមបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់សាកលវិទ្យាល័យក្នុងការបន្តរៀបចំ នូវ វគ្គបណ្តុះបណ្តាលនិងពិធីសច្ចាប្រណិធានបំពាក់កន្សែងដល់និស្សិតទាំងអស់នាពេលបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជាមានសមាជិកសរុប ១៨៥ ៣៥៦នាក់។ ក្នុងនោះកាយរឹទិ្ធប្អូន១៩ ០១៦នាក់, កាយរឹទិ្ធជំទង់១២៧ ៤៣១នាក់, កាយរឹទិ្ធរៀមច្បង២២ ៧៣៧នាក់,មេដឹកនាំកាយរឹទិ្ធ១៣ ៦៤៧នាក់ និង សមាជិកកិត្តិយស ២ ៥២៥នាក់៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-51-41-1024x576.jpg)