អាជ្ញាធរខេត្តកំពត ប្តេជ្ញាអនុវត្តកម្មវិធីចែកដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ឱ្យបានល្អ

កំពត៖ការអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព”  របស់រាជរដ្ឋាភិបាល នឹងចាប់ផ្តើមនៅ​ថ្ងៃទី១ខែកុម្ភៈនេះដែលមានរយៈពេលសរុប ៥១ថ្ងៃនៅថ្នាក់ខេត្ត។ទន្ទឹមគ្នានេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ផ្សព្វផ្សាយ និងធ្វើការវិនិច្ឆ័យកុំឱ្យលម្អៀង។

ក្នុងកិច្ចប្រជុំស្តីពីការត្រៀមអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” កាលពីព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំដល់គណៈកម្មការ​ចំពោះ​កិច្ចនៅតាមមូលដ្ឋានឃុំសង្កាត់ សូមយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ  ដើម្បីរួមគ្នាអភិវឌ្ឍ​ប្រកប​ដោយចីរភាព” របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ទាន់ពេលវេលា មិនលម្អៀង។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបញ្ជាក់ថា ការ​អនុវត្ត​កម្មវិធី “ចែកដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” នឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយ និង​ទទួល​ពាក្យចាប់​ពីថ្ងៃទី១ ខែកុម្ភៈ នេះតទៅ ។ដំណើរការនីតិវិធីប្រើរយៈពេលសរុប ៥១ថ្ងៃនៅថ្នាក់ក្រោមជាតិ ហើយអាជ្ញាធរ​មូលដ្ឋាន​​ឃុំ​សង្កាត់ ដែលស្ថិតនៅក្នុងគណៈកម្មការចំពោះកិច្ច ជាតួអង្គសំខាន់បំផុត។

ចូលរួមក្នុងកិច្ចប្រជុំនេះ អាជ្ញាធរឃុំ ស្រុក បានបង្ហាញនូវសេចក្តីត្រេកអរ និងគាំទ្រចំពោះគោលនយោបាយ​ថ្មីរបស់​រាជរដ្ឋាភិបាល ។ពួកគាត់រំពឹងថា ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន និងមានដី មានមុខរបរ និងជីវភាពរស់នៅប្រសើរជាងមុន។

ក្នុងពេលអនុវត្តកម្មវិធីនេះដែរ អាជ្ញាធរ និងមន្ត្រីជំនាញបានអំពាវនាវដល់ពលរដ្ឋ ដែលមានសញ្ជាតិខ្មែរពីកំណើត, អត់ដី​ពិតប្រាកដ, ក្រីក្រ និងមានឆន្ទៈចង់ទៅរស់នៅកន្លែងថ្មីដែលរដ្ឋផ្តល់ជូន សូមប្រញាប់ទៅសាកសួរព័ត៌មាន​បន្ថែម​នៅតាម​ឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីដាក់ពាក្យស្នើសុំដីឱ្យបានទាន់ពេលវេលា ៕
ដោយ៖ សិលា សារិន

ads banner