ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ ប្រគល់អណ្ដូងទឹកស្អាតជូនអង្គភាពកងវរសេនាតូចលេខ ៤៤៨
កំពង់ធំ៖ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាធិបតីភាពក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតមួយកន្លែងជូនដល់យោធិន កងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារយោធិនសម្រាប់ប្រើប្រាស់ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ អណ្ដូងទឹកនេះមានតម្លៃជាង២ពាន់ដុល្លារ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-55-13-1024x576.jpg)
ឯកឧត្តមបណ្ឌិតបានថ្លែងថា ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជននានា និងដៃគូអភិវឌ្ឍន៍ អណ្តូងទឹកស្អាតនៃ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ បានកសាងអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមសាលារៀន តាមសហគមន៍តាមជនបទ និងនៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេសបានចំនួនជិត ៧០០ អណ្ដូងរួចមកហើយ នៅ២៤ខេត្តនៃប្រទេសកម្ពុជា។ឯកឧត្តមបណ្ឌិត ក៏បានជួយស្ថាបនាអណ្ដូងទឹកស្អាតចំនួនពីរ នៅលើដីសម្បទានសង្គម កិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រើប្រាស់នាពេលកន្លងមកដែរ។ឮ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-55-18-1024x576.jpg)
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ដែលជានិច្ចជាកាល ឯកឧត្តមបណ្ឌិត តែងតែជួយឧបត្ថម្ភ និងដោះស្រាយនូវការលំបាកនានា ពិសេសជួយដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាពេលកន្លងទៅ ៕
ដោយ៖ ប៊ុន រដ្ឋា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-55-23-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-55-26-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_21-55-31-1024x576.jpg)