ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ម៉ាង ស៊ីណេត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹនាំនិងមន្រ្តីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងដឹកនាំមន្ត្រីជំនាញតាមដានប្រភពនៃការហូរប្រេងចេញ និងបានធ្វើការដឹកនាំការអន្តរាគមន៍សម្អាតតំបន់ ដែលមានកំណកប្រេង នៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ករណីប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ត្រូវបានសម្អាតជាង៩០%ហើយ។ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់ តាមរយៈ ការប្រើប្រាស់សម្ភារៈនិងបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជារួមមានក្រុមហ៊ុន CALTEX, TOTAL, PTT, និងក្រុមហ៊ុនប្រេងមួយចំនួនទៀត បានចូលរួមសហការជាមួយក្រុមការងារក្នុងសម្អាតឆ្នេរព្រែកត្រែង នេះផងដែរ។

ប្រតិភូថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ពាក់ព័ន្ធនានា និងរដ្ឋបាលខេត្តព្រះសីហនុ បានវាយតម្លៃឱ្យឃើញថា ករណីប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង មិនបានប៉ះពាល់ដល់បរិស្ថាន ដែលគួរឱ្យមានការព្រួយបារម្ភនោះឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជូនដំណឹងថា អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ អាចមកកម្សាន្តនៅលើឆ្នេរខ្សាច់ព្រែកត្រែង បានជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងឈានទៅបញ្ចប់ការសម្អាត ដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner