ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព

(ភ្នំពេញ)៖ ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ទៅកាន់ ថ្នាក់ដឹកនាំ និងមន្ត្រីថា បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារកែទម្រង់ដែលយើង បានធ្វើកន្លងមក មិនមែនជាការងារដែលងាយស្រួលពេកនោះទេ។ ការងារខ្លះមានភាពស្មុគស្មាញ មានការប្រឈម ត្រូវការពេលវេលាយូរ និងត្រូវការឆន្ទៈខ្ពស់ក្នុងការអនុវត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា “ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមានភ័ព្វសំណាងដែលខ្ញុំមានឱកាសបានមកចូលរួមការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ដែលសុទ្ធតែមានសមត្ថភាព វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា “ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើងទាំងអស់ កន្លងមកនេះ មិនត្រឹមតែជាការបំពេញតួនាទីភារកិច្ចយ៉ាងហ្មត់ចត់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយ ក្នុងការផ្លាស់ប្តូរ និងកែលម្អផ្នត់គំនិតរបស់មហាជន ជាពិសេសមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសបញ្ជាក់បន្ថែមថា “សមិទ្ធផល និងសកម្មភាពដែលថ្នាក់ដឹកនាំ និងមន្ត្រីមាន និងដែលកំពុងធ្វើនាពេលនេះ ជាឱកាសដ៏ល្អ និងស្ថិតក្នុងបរិយាកាសអំណោយផល ដើម្បីចូលរួមកសាងប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ និងដែលជាកេរមរតកដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយ។

” បេសកកម្មដែលថ្នាក់ដឹកនាំ និងមន្ត្រីរបស់យើងបាន និងកំពុងធ្វើ ជាបេសកកម្មធំ និងពោរពេញដោយឧត្តមភាព” ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner