ឯកឧត្តម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូន ឯកឧត្តម ញឹម វណ្ណដា ដល់គេហដ្ឋាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជន ចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមបណ្ឌិត ញឹម វណ្ណដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រ មណ្ឌលព្រៃវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមបណ្ឌិត ញឹម វណ្ណដានិងក្រុមគ្រួសារ ។

ឯកឧត្តម ញឹម វណ្ណដា ព្រមទាំងក្រុមគ្រួសារពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និង មានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់ បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅ ដែលបានផ្តល់នូវភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទំាងអស់ ដែលមានគុណបំណាច់ចំពោះគណបក្សនិងប្រទេសជាតិ។

ក្រុមគ្រួសារបានរំលឹកពីប្រវត្តិនិងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ធ្លាប់បានឆ្លងកាត់ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ គឺការចូលបម្រើការងារនៅក្រសួងសេដ្នកិច្ចនិងជីវភាព ប្រធានមន្ទីរ អនុរដ្ឋមន្រ្តី ក្រសួងផែនការ ឧត្តមសេនីយ៍ទោ អគ្គភ័ស្តភារ ឧត្តមសេនីយ៍ឯក អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីពាណិជ្ជកម្មបេសកជនពិសេសរបស់នាយករដ្ឋមន្រ្តី ទី១-ទី២ នាយឧត្តមសេនីយ៍ផ្កាយមាស៤ រដ្ឋមន្ត្រីយុវនីតិសម្បទា ប្រធានសមាគម មិត្តភាពកម្ពុជា-សាធារណៈរដ្ឋកូរ៉េ ទេសរដ្ឋមន្ត្រី គ្រប់គ្រងគ្រោះមហន្តរាយ បច្ចុប្បន្នសមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា តំណាងរាស្ត្រ មណ្ឌលព្រៃវែង ។

ឯកឧត្តមប្រធានប្រតិភូ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា និងសូមជូនពរដល់ឯកឧត្តមបណ្ឌិតទទួលបាននូវសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕

ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner