ក្រុមបាល់ទាត់មុខកំពូលគ្រងជើងឯក ការប្រកួត កីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥

(កណ្តាល)៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៨ឆ្នាំស្រុកមុខកំពូលបានក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់យុវជនក្រោមអាយុ១៨របស់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ជ័យវរ័ន្មទី៧កើត ក្នុងលទ្ធផលបច្ចេកទេស៣ទល់និង១វគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋានខេត្តកណ្តាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជននិងកីឡា ខេត្តកណ្តាល បានថ្លែងឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការរៀបចំប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥។ ការប្រកួតជាផ្លូវការបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ហើយក្រុមដែលបានដាក់ពាក្យចូលរួមក្នុងការប្រកួតនេះ មានចំនួន ១៤ក្រុម ដែលអញ្ជើញមកពីបណ្តា ក្រុង ស្រុក និងក្លឹបមួយចំនួនក្នុងខេត្តកណ្តាល ដែលការចូលរួមមានចំនួនក្រុមកើនឡើងជាងឆ្នាំមុនៗ ។

លោក ប្រធានការិយាល័យបានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៨ប្រចាំឆ្នាំ២០២៥នេះ បានរៀបចំឡើងក្នុងគោលបំណងជ្រើសរើស យកកីឡាករដែលមមានទេពកោសល្យ និងសមត្ថភាពពេញលេញ ដើម្បីឆ្ពោះទៅរកកីឡាករកម្រិត ខ្ពស់ ដែលជាគោលដៅដ៏ពិសិដ្ឋបានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក្រៅពីចម្រាញ់យកកីឡាករ ល្អ និងមានសមត្ថភាពគឺយើងបានបង្កើតនូវឱកាសដល់យុវជនបានចូលរួមលេងកីឡាដើម្បីទទួលបាន នូវសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រុមមួយ ទៅក្រុមមួយ កាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។

លោក ម៉ម បូលី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ថ្លែងលើកឡើងថា វិស័យកីឡាបាល់ទាត់ ខេត្តកណ្តាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើន និង មានសកម្មភាពផុសផលច្រើនជាងគេគួរឱ្យកត់សម្គាល់។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងសកម្មរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលស្រឡាញ់និងចូលចិត្តលេងកីឡាផ្ទាល់ ដើម្បី ចូលរួមក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត ឱ្យមានការរីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ច កោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅច្បាស់លាស់ និងប្រាកដនិយម ។

បើយើងឆ្លុះបញ្ចាំងមកការប្រកួតវិញ យើងឃើញថាក្រុមកីឡាករទាំងអស់ បានអនុវត្ត តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត និងបានយកស្មារតីសាមគ្គីភាព មិត្តភាព មានសីលធម៌ ល្អ រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅប្រកបដោយលទ្ធផល ល្អប្រសើរគួរជាទីមោទនៈ ។

ទន្ទឹមនេះដែរ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង អង្គភាព ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំនឹងកំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បី បំផុសវិស័យកីឡាគ្រប់គ្រឹះស្ថានសិក្សា និងក្លឹបកីឡាតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត ឱ្យមាន សកម្មភាព និងរូបភាពផ្សេងៗទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ ខ្លួន។ ក្នុងន័យនេះដែរ ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទើ ឱ្យក្មួយៗកីឡាករទាំងអស់ត្រូវបន្តសកម្មភាពលេងកីឡាឱ្យបានគ្រប់ៗគ្នា ស្លោក “យុវជនម្នាក់ត្រូវលេងកីឡាឱ្យបានមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

សម្រាប់លទ្ធផល ក្រុមចំណាត់លេខ១ យុវជនមុខកំពូល ចំណាត់លេខ២ ក្រុមជ័យវរ័ន្មទី៧កើត ចំណាត់លេខ៣ ក្រុមវិទ្យាល័យហ៊ុន សែន សិរីភាព២ និងក្រុមចំណាត់លេខ៤ ក្រុមបក្សីក្រហាម៕

ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner