អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការដំបូង
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ខណៈដែរ នៅល្ងាចថ្ងៃទី០១ កុម្ភះនេះ គឺជាថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការដំបូង។
ឯកឧត្ដម ឃួង ស្រេង ខណៈចុះពិនិត្យនេះបានមានប្រសាសន៍លើកឡើងថា ៖ ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ដូច្នេះហើយ ទើបរាជធានីភ្នំពេញ បានរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើស ក្នុងការដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូធាមួយកំរិតហើយ។
ពាក់ព័ន្ធនឹងគម្រោងផ្លូវថ្មើរជើង (walk street)នេះ ឯកឧត្ដមអភិបាលរាជធានីថារដ្ឋបាលរាជធានីភ្នំពេញ បានគិតគូររួចហើយ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដ-១៩ គម្រោងនេះត្រូវបានផ្អាក។ តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគម្រោងនេះ ត្រូវបានបង្កើតឡើងវិញនិងបានដាក់ឱ្យដំណើរការសាកល្បងនៅពេលនេះ ។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា ៖ សុខទុក្ខនិងសុខមាលភាពរបស់ប្រជាពលរដ្ឋគឺជាការគិតគូររបស់អាជ្ញាធរ និង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ ពិសេស បងប្អូនដែលមានលំនៅដ្ឋាននៅក្នុងគម្រោងផ្លូវថ្មើជើងនេះតែម្តង ដែលពួកគាត់បានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អ ។ ការចូលរួមសហការយ៉ាងល្អនេះ វានឹងធ្វើឲ្យរាជធានីភ្នំពេញរបស់យើង មានអ្វីៗសព្វបែបយ៉ាងជាបន្តបន្ទាប់ទៀត ។
ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណង ចង់មកទស្សនា ក៏ដូចជា ការដើរលេងកំសាន្ត ការហាត់ប្រាណ ដើម្បីសុខភាពនៅទីតាំងខាងលើនេះ សូមបងប្អូនកុំប្រើប្រាស់យានជំនិះខ្លួនឯង បងប្អូនអាចប្រើប្រាស់ ជាម៉ូតូកង់បីឬក៏រថយន្តដឹកជញ្ជូនសាធារណៈ។
ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកំសាន្តនៅទីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរ ។ ទាំងទីតាំង ស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឲ្យកូនចៅយើងមកដល់ពេលនេះ ។
ឯកឧត្ដម ឃួង ស្រេង ថ្លែងថា ៖ រាជធានីភ្នំពេញកំពុងត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ហិកតា នៅតំបន់ដ៏ល្អមួយដើម្បីជាជម្រើសឲ្យបងប្អូនប្រជាពលរដ្ឋអាចទៅដើរលេងកំសាន្តនៅក្នុងទីតាំងដែលមានដើមឈើនោះ ក៏ដូចការជ្រើសរើសទីតាំងមកដើរលេងនៅតាមផ្លូវខាងលើនេះផងដែរ ព្រោះប្រជាពលរដ្ឋយើងសព្វថ្ងៃរស់នៅក្នុងភាពស៊ីវិល័យហើយ ។
គួរបញ្ជាក់ផងដែរថា ៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-20-07-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-20-05-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-20-03-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-20-01-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-19-57-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-19-54-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-19-51-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-02_08-19-48-1024x682.jpg)