វេណេហ្ស៊ុយអេឡាដោះលែងអ្នកទោសជនជាតិអាមេរិក ៦នាក់

ការ៉ាកាស់ ៖ វេណេហ្ស៊ុយអេឡាបានដោះលែងអ្នកទោសអាមេរិកចំនួន ៦នាក់ បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងការ៉ាកាស រវាងប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងបេសសកជនពិសេសរបស់លោក ត្រាំ។

ការដោះលែងជនជាតិអាមេរិក ៦នាក់នេះ ត្រូវបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយលោក ដូណាល់ ត្រាំ និងបេសកជនពិសេសរបស់គាត់ គឺលោក រីឆាដ ហ្ក្រែនណេល ប៉ុន្តែឈ្មោះរបស់ពួកគេមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។

លោក ហ្ក្រែនណេល បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា លោកកំពុងត្រឡប់ទៅផ្ទះវិញ ជាមួយពលរដ្ឋអាមេរិកទាំង ៦នាក់។ ពួកគេបាននិយាយទៅកាន់លោកប្រធានាធិបតី ត្រាំ ហើយពួកគេមិនអាចបញ្ឈប់ការថ្លែងអំណរគុណដល់គាត់នោះទេ។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានបង្ហោះសារអបអរសាទរចំពោះដំណឹងនេះ ហើយថា លោក ហ្ក្រែនណេល កំពុងនាំយកពលរដ្ឋអាមេរិកទាំង ៦នាក់ ពីវេណេហ្ស៊ុយអេឡាត្រឡប់មកផ្ទះវិញ។

យ៉ាងហោចណាស់មនុស្ស ៩នាក់ដែលមានសញ្ជាតិអាមេរិក ត្រូវបានគេជឿថា បានស្ថិតក្នុងចំណោមមនុស្សជាង ២.២០០នាក់ដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរវេណេហ្ស៊ុយអេឡាបន្ទាប់ពីការតវ៉ាទូទាំងប្រទេស ជុំវិញលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែកក្កដា ឆ្នាំ ២០២៤ ដែលក្នុងនោះលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងពីជ័យជម្នះ។

ការបោះឆ្នោតឡើងវិញរបស់គាត់ ត្រូវបានច្រានចោលយ៉ាងទូលំទូលាយដោយក្រុមប្រឆាំង និងសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ យ៉ាងណា លោក ម៉ាឌូរ៉ូ បានស្បថចូលកាន់តំណែងប្រធានាធិបតីវេណេស៊ុយអេឡាសម្រាប់អាណត្តិ ទី បី កាល ពី ខែ មុន៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner