លោក Trump ចាប់ផ្តើមសង្គ្រាមពន្ធប្រឆាំងកាណាដា ម៉ិកស៊ិក និងចិន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចេញបញ្ជាឱ្យយកពន្ធក្នុងអត្រា ២៥ភាគរយ លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ហើយ ១០ភាគរយលើនាំលើទំនិញនាំចូលពីប្រទេសចិន ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៤ ខែកុម្ភៈនេះតទៅ។
វិធានការនេះ គឺជាការធ្វើតាមពាក្យសន្យារបស់លោក ត្រាំ កាលពីអំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០២៤ បើទោះបីជាក្រុមសេដ្ឋវិទូកំពូលៗបានព្រមានថា ការធ្វើសង្រ្គាមពាណិជ្ជកម្មថ្មីមួយ ជាមួយបណ្តាដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិក អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចអាមេរិកផ្ទាល់ រួមទាំងពិភពលោកទទួលរងផលប៉ះពាល់អវិជ្ជមាន ហើយបង្កើនតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់និងក្រុមហ៊ុន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែសម្រេចចិត្តកាន់ចុងប៉ិចចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន៣ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធលើទំនិញនាំចូលពីប្រទេសទាំងបី ហើយបានប្តេជ្ញាថា នឹងរក្សាគោលការណ៍យកពន្ធនោះ រហូតទាល់តែអ្វីដែលលោកហៅថា ភាពអាសន្នថ្នាក់ជាតិ ជុំវិញបញ្ហាថ្នាំញៀន fentanyl និងអន្តោប្រវេសន៍ខុសច្បាប់មកកាន់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា