ដោយសាក្តីស្រលាញ់ លោក ប៉ាល់ កេតឆែកូវ៉ា បានវិលត្រឡប់មកពីអាមេរិក មកជួយបណ្តុះបណ្តាលតេក្វាន់ដូ ដល់កូនខ្មែរ
(ភ្នំពេញ)៖ បុរសវ័យ ៥៧ឆ្នាំ ខ្សែក្រវ៉ាតខ្មៅតេក្វាន់ដូ ៩ដាន់ នៅសហរដ្ឋអាមេរិក លោក ប៉ាល់ កេតឆែកូវ៉ា បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ដែលជាប្រទេសកំណើតរបស់ខ្លួន ក្រោយចាកចេញទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាង ៤០ឆ្នាំ ដោយសារតែគេចពីសង្រ្គាម ។
ការវិលចូលប្រទេសកំណើតជាថ្មីបន្ទាប់ពីស្រុកទេសទទួលបាននូវសុខសន្តិភាពពេញលេញ លោក ប៉ាល់ កេតឆែកូវ៉ា បានចាប់យកការចូលរួមបណ្តុះបណ្តាលតេក្វាន់ដូដែលជាជំនាញឯកទេសរបស់លោក ជួយបណ្តុះបណ្តាលកូនសិស្សនៅតាមសាលារដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅជួយឱ្យសិស្សទទួលបាននូវសុខមាលភាព ដែលជាថាមពលរឹងមាំសម្រាប់សារពាង្គកាយ និងជួយអភិវឌ្ឍន៍វិស័យកីឡានៅទឹកដីកំណើតរបស់ខ្លួនឱ្យកាន់តែមានការរីកចម្រើន។
ការចាប់ផ្តើមរបស់លោក ក្នុងការបង្ហាត់សិស្សានុសិស្សនៅតាមសាលារដ្ឋ គឺចាប់ពីថ្នាក់បឋមសិក្សាដល់អនុវិទ្យាល័យ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើសាលាចំនួន៥ ក្នុងនោះក៏មានសាលាឯកជនមួយផងដែរ។ ទោះបីការបង្ហាត់បង្រៀននោះ ប្រឈមនិងការខ្វះខាតនូវសម្ភារៈបង្វឹកដល់កូនសិស្សជាច្រើនយ៉ាងណាក្តី ក៏លោក មិនបោះបង់ឡើយ។ ពោល គឺលោក នូវតែបន្តសកម្មភាពហ្វឹកហាត់ជាប់ជាប្រចាំ ដោយ លោក ក៏គ្រោង និងពង្រីកការបណ្តុះបណ្តាលទៅកាន់សាលារដ្ឋចំនួន៥បន្ថែមទៀត ដើម្បីពង្រីកវិសាលភាពកីឡាតេក្វាន់ដូ ដល់សាលារៀនរបស់រដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ក្នុងជំហានបណ្តុះបណ្តាលតេក្វាន់តេក្វាន់ដូក្នុងសាលារដ្ឋ របស់ លោក ប៉ាល់ កេតឆែកូវ៉ា ក៏ស្របទៅនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញ គឺប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ ។ យុទ្ធសាស្រ្តនេះ សំដៅលើកកម្ពស់ សុខមាលភាព និងការអភិវឌ្ឍប្រទេសឈានឆ្ពោះទៅរកការរីកចម្រើន និងសក្កានុពលផ្នែកវិស័យកីឡាផងដែរ។
សិស្សានុសិស្សនៅក្នុងវិទ្យាល័យជាស៊ិម សន្ធម៉ុក ដែលបានចូលហ្វឹកហាត់តេក្វាន់ដូ ជាមួយលោក ប៉ាល់ កេតឆែកូវ៉ា បានបង្ហាញចំណាប់អារម្មណ៍ថា ចាប់តាំងពីចូលហ្វឹកហាត់កីឡាតេក្វាន់ដូ បានធ្វើអារម្មណ៍របស់ពួកគេស្រស់ស្រាយ មានសុខភាពល្អ និងការរៀនសូត្របានល្អជាងមុន ពិសេស បានជួយឱ្យពួកគេទទួលបានបទពិសោធន៍ជាច្រើន ដែលបានបង្រៀនឱ្យពួកគាត់ចេះអត់ធ្មត់និងមានចិត្តធ្ងន់តស៊ូអំណត់ព្យាយាមផងដែរ។
កីឡាតេក្វាន់ដូ ជាមូលដ្ឋានគ្រឹះកីឡាមួយ ដែលជួយឱ្យអ្នកហាត់កីឡាមួយនេះ អាចទៅលេងកីឡាផ្សេងៗបានដោយស្ទាត់ជំនាញ។
គួរឱ្យដឹង ដែរថា លោក ប៉ាល់ តេតឆែកូវ៉ា ជាគ្រូបង្វឹកកីឡាតេក្វាន់ដូនៅសហរដ្ឋអាមេរិក ខ្សែក្រវ៉ាតខ្មៅ៩ដាន់ លោក ក៏ជាប្រធានសម្ព័ន្ធកីឡាតេក្វាន់ដូនាគរាជ ខ្មែរ អាមេរិកកាំង ហើយ លោក បច្ចុប្បន្នមានវ័យ៥៧ឆ្នាំ បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៩ -១៩៨០ ដោយគេចចេញពីសង្រ្គាម និងបានត្រឡប់មកកម្ពុជាប្រទេសកំណើតវិញ ចាប់យកការបណ្តុះបណ្តាលកីឡាតេក្វាន់ដូដល់សាលារដ្ឋក្នុងឆ្នាំចន្លោះឆ្នាំ២០២២ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ