នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងហោះទៅជួបលោក Trump ចរចាបទឈប់បាញ់ហ្គាហ្សាដំណាក់កាលទី២

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីជួបប្រធានាធិបតីអាមេរិក លោក Donald Trump ចរចាដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ មុនពេលឡើងយន្តហោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ខ្ញុំជឿថា យើងអាចពង្រឹងសន្តិសុខ ពង្រីករង្វង់សន្តិភាព និងសម្រេចបាននូវយុគសម័យសន្តិភាពដ៏អស្ចារ្យមួយ តាមរយៈកម្លាំងយោធា។

ជាមួយគ្នានេះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Netanyahu គ្រោងនឹងជួបជាមួយលោក Trump នៅសេតវិមានក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហានៅតំបន់ហ្គាហ្សា ចំណាប់ខ្មាំងអ៊ីស្រាអែល មជ្ឈិមបូព៌ា និងពិភពលោកទាំងមូល។

លោក Netanyahu ក៏នឹងជួបជាមួយលោក Steve Witkoff បេសកជនពិសេសរបស់លោក Trump ប្រចាំតំបន់មជ្ឈិមបូព៌ា ដើម្បីសំរបសំរួលដំណាក់កាលបន្ទាប់ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ បន្ទាប់មកលោក Witkoff នឹងពិភាក្សាជាមួយមន្ត្រីមកពីកាតា និងអេហ្ស៊ីប ដែលបានជួយសម្រុះសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងឈប់បាញ់បីដំណាក់កាលក្នុងខែមករា ដែលកន្លងមក ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន ១៨នាក់ ហើយអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងគុកអ៊ីស្រាអែល។ យោង តាម តួលេខ របស់ អ៊ីស្រាអែល ចំណាប់ខ្មាំង ជាង ៧០នាក់ កំពុង ឃុំខ្លួន នៅ ក្នុង តំបន់ហ្គាហ្សា៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner