រាជធានី-ខេត្តថៃជិត៦០ មានខ្យល់គ្រោះថ្នាក់
បរទេស ៖ រាជធានី-ខេត្តរបស់ថៃ ជិត៦០ សុទ្ធតែមានការបំពុលខ្យល់ ប្រកបដោយគ្រោះថ្នាក់ ប៉ុន្តែ មាន២០ខេត្ត មិនមានការបំពុលដល់កម្រិតគ្រោះថ្នាក់ នេះបើតាមការកាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃចន្ទនេះ។
ប្រភពបានចុះផ្សាយថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ រាជធានី-ខេត្តចំនួន ៥៧ ក្នុងចំណោមរាជធានី-ខេត្តសរុប ៧៧ ក្នុងប្រទេសថៃ ត្រូវបានគ្របដណ្ដប់ ដោយកម្រិតមិនមានសុវត្ថិភាព នៃការបំពុល នេះបើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យាថៃ។
ប្រភពបន្តថា រាជធានី-ខេត្តចំនួន១៣ បានប្រឈមមុខនឹងកម្រិតពណ៌ក្រហម នៃភាគល្អិតនិចល PM2.5 ក្នុងនោះ ខេត្ត Nong Bua Lam Phu ទទួលរងនូវកម្រិតក្រហមខ្ពស់បំផុត ពោលគឺ ៩៩.១ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ដោយគេដឹងថា កម្រិតសុវត្ថិភាព ដែលកំណត់ដោយរដ្ឋាភិបាលគឺ ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
យ៉ាងណាក៏ដោយ ខេត្តចំនួន២០ នៅភាគខាងជើង និងខាងត្បូង គុណភាពខ្យល់មានសុវត្ថិភាព នេះបើតាមបាងកកប៉ុស្តិ៍ ដដែល៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត