សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន JTI សកលលោក ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដលក្រុមហ៊ុន JTI សកលលោក ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត
ជាពិសេសពិពិធកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេច នៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ។
លោក Eddy Pirard បានលើកឡើងថា លោក និងសហការី មានកិត្តិយសយ៉ាងខ្លាំង និង ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូន សម្តេចតេជោ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន JTI ក្នុងការចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនាមជានិយោជក ក្រុមហ៊ុនប្រតិបត្តិអនុលោមតាមលក្ខន្តិកៈកម្ពុជា និងជាពិសេស ការរួមចំណែកលើកស្ទួយបរិស្ថាននៅកម្ពុជា តាមរយៈសកម្មភាពបណ្តុះកូនឈើ និងការធ្វើការជាមួយសហគមន៍មូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស ការជ្រើសរើសបុគ្គលិកក្នុងស្រុក និងបានក្លាយជាដៃគូដ៏ល្អជាមួយកម្ពុជាសម្រាប់វឌ្ឍនភាពរួមគ្នា ដោយចាត់ទុកថា ការរីកចម្រើនរបស់កម្ពុជា គឺជាការរីកចម្រើនរបស់ក្រុមហ៊ុន។
លោក Eddy Pirard បានបន្ថែមថា ក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JT Group ដែល មានភាគហ៊ុន ៣៣% កាន់កាប់ដោយរដ្ឋាភិបាលជប៉ុន ហើយក្រុមហ៊ុននេះ ក៏មានអាជីវកម្មលើផ្នែកផ្សេងទៀតក្រៅពីឧស្សាហកម្មថ្នាំជក់ ដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារផងដែរ។
លោក Eddy Pirard បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មានវត្តមាននៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ និងបានឃើញការរីកចម្រើនយ៉ាងលឿនខ្លាំងក្លារបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែង រកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។
លោក Eddy Pirard មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំកម្ពុជាឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានសាទរ និងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក ជាភាពជាគម្រូល្អនៃអនុលោមភាពសារពើពន្ធ និងជាសមាជិកក្រុមធុរជនល្អបំផុត ព្រមទាំង ការចូលរួមរបស់ក្រុមហ៊ុនក្នុង ការអភិវឌ្ឍបៃតង និង ប្រកបដោយចីរភាព និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង ការផ្តល់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យនៅបណ្តោយផ្លូវជាតិនានា។
សម្តេចតេជោ ក៏បានរំឭកអំពីអតីតកាលដែលគ្រួសារសម្តេចក៏ជាគ្រួសារកសិកររស់នៅតាមដងទន្លេមេគង្គដែលដាំថ្នាំជក់ និងចែករំលែកអំពីការវិវត្តនៃការសម្រេចជាគោលនយោបាយលើថ្នាំជក់របស់សម្តេច ពីពេលដែលចរន្តពិភពលោក មិនទាន់មានការហាមឃាត់ការជក់បារី រហូតមកទល់នឹងពេលបច្ចុប្បន្ន។
ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពិពិធកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ ។ ជាក់ស្តែង កម្ពុជា បាននឹងកំពុងក្លាយជាប្រទេសនាំមុខគេដែលដាំ និងប្រមូលផលស្រូវ និងគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលកន្លងទៅនេះ។
សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធជប៉ុន លើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មានឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា។
សម្តេច បានបន្ថែមថា ក្រុមហ៊ុន គួរសហការជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិកម៉ាកសមូហភាពរបស់ក្រសួងពាណិជ្ជកម្ម សិក្សាបង្កើនការផលិត និងពង្រីកទីផ្សារនាំចេញ ដើម្បីធានាបាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះ ផងដែរ។
សម្តេចតេជោ បានជូនពរ លោក Eddy Pirard និងសហការី ព្រមទាំងក្រុមហ៊ុន JTI ទទួលបានជោគជ័យក្នុងការបំពេញការងារ និងធុរកិច្ចនៅកម្ពុជា ៕
![](https://asset.ams.com.kh/central/media/2025/02/IMG_6149-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6146-1024x684.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6145-1024x684.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6152-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6158-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6162-1024x683.jpg)
ដោយ ៖ វណ្ណលុក