ជប៉ុនបញ្ជូនផ្កាយរណបទៅដាក់ទីអវកាសដោយជោគជ័យ
តូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានបាញ់បង្ហោះផ្កាយរណបរុករកមួយគ្រឿង មានឈ្មោះថា Michibiki តាមរយៈគ្រាប់រ៉ុក្កែត H3 លេខ 5 ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន។
គ្រាប់រ៉ុក្កែត H3 លេខ 5 បានដឹកនាំផ្កាយរណប Michibiki លេខ 6 ឡើងទៅកាន់ទីអវកាសនៅម៉ោង ៥និង៣០នាទីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ដោយផ្កាយរណបនេះ ត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់របស់វា។
ផ្កាយរណប Michibiki ដែលទើបបង្ហោះថ្មីនេះ ត្រូវបានដាក់ក្នុងគន្លងភូមិសាស្ត្រ ដែលមានចម្ងាយប្រហែល ៣៦,០០០គីឡូម៉ែត្រពីលើផែនដី។ Michibiki គឺជាផ្កាយរណបជប៉ុនដែលរចនាឡើង ដើម្បីបង្កើនភាពត្រឹមត្រូវ នៃប្រព័ន្ធ GPS សម្រាប់ស្មាតហ្វូន, ប្រព័ន្ធរុករកក្នុងរថយន្ត និងសេវាកម្មផ្អែកលើទីតាំងផ្សេងទៀត។
ប្រព័ន្ធបច្ចុប្បន្នមានផ្កាយរណបចំនួន ៤គ្រឿង ដែលធ្វើគោចរជុំវិញប្រទេសជប៉ុន ដែលមិនត្រឹមតែជួយដល់ប្រតិបត្តិការរុករកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការជូនដំណឹងអំពីការរញ្ជួយដីជាបន្ទាន់នៅក្នុងតំបន់ដែលគ្មានសញ្ញាទំនាក់ទំនងផងដែរ។
រដ្ឋាភិបាលជប៉ុនមានបំណងពង្រីកប្រព័ន្ធពីផ្កាយរណប ចាប់ពី៤ទៅ៧គ្រឿង ដើម្បីកាត់បន្ថយការពឹងផ្អែកលើបណ្តាញ GPS បរទេស។ រ៉ុក្កែត H3 ជំនាន់ក្រោយរបស់ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និងក្រុមហ៊ុន Mitsubishi Heavy Industries នឹងចូលខ្លួនមកជំនួសប្រតិបត្តិការរបស់រ៉ុក្កែត H2A ដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់បេសសកម្មនៅឆ្នាំសារពើពន្ធ ២០២៤ ជាមួយនឹងការបាញ់បង្ហោះរ៉ុក្កែតលេខ ៥០។
ការបាញ់បង្ហោះកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានកត់សម្គាល់ជាការបាញ់បង្ហោះលើកទី៥ របស់រ៉ុក្តែត H3 នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីការបរាជ័យក្នុងការបាញ់បង្ហោះដំបូងក្នុងខែមីនា ឆ្នាំ២០២៣ និងជោគជ័យចំនួន ៣លើកកាលពីឆ្នាំមុន៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា