ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ​ នៅស្រុកស្ទឹងត្រង់​ទទួលបានចង្ក្រានសន្សំសំចៃថាមពលពីឯកឧត្តម ហួត ហាក់ និងឯកឧត្តម​អ​ភិបាលខេត្តកំពង់ចាម

កំពង់ចាម​៖ចង្ក្រានសន្សំសំចៃថាមពល​ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន​ ១ ១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមកាលពីថ្ងៃទី២ ខែកុម្ភៈដោយមានការអញ្ជើញចូលរួមនិងចែកជូនដោយ ឯកឧត្ដម​​ ហួត ហាក់ សមាជិក​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកស្ទឹងត្រង់​ និងឯក​ឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ចាម​ ។

ថ្លែង​ក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​ ការលើក​ស្ទួយ​កម្រិត​ជីវភាព​ បូករួម​ទាំង​សមិទ្ធផល​ដែល​បងប្អូន​ បាន​ប្រើប្រាស់​ជាក់ស្ដែង​រួច​ហើយ​ ។យើង​មាន​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ពី​ខ្ពបតាងួន មក​ដល់​ទួលសំបួរ​ ដែលផ្សាភ្ជាប់​ពីតំបន់​នេះ​ទៅ​ទីប្រជុំជន​ នៅ​តាម​មាត់​ទន្លេ​ និង​តភ្ជាប់​ជាមួយ​ផ្លូវ​បេតុង​មួយចំនួន​ទៀត​​ ហើយ​នឹង​កសាង​ផ្លូវ​ក្រួស​ក្រហម​ ពី​អារក្ស​ត្នោត​ តភ្ជាប់​មក​ទួល​សំបួរ​ បូករួម​ទាំង​ការ​កសាង​ស្ពាន​បេតុង​មួយ​កន្លែង​ទៀត​ផង​ ។

​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបន្តថា គម្រោង​យើងបាន​លើក​រួចហើយ​ នឹង​មាន​ការ​ស្ថាបនា​ឆាប់ៗខាងមុខនេះ​ នូវ​ផ្លូវ​កៅស៊ូ​ និង​ផ្លូវ​បេតុង​ តភ្ជាប់ពីតំបន់​អារក្ស​ត្នោត​ មក​ដល់​ទីតាំង​​ទួល​សំបួរ​ ហើយ​នឹង​ការ​រៀបចំបន្ថែម​នូវប្រព័ន្ធ​ផ្លូវ​ ទាំង​ផ្លូវ​បេតុង​ និង​ផ្លូវ​កៅស៊ូ​ នៅក្នុង​បរិវេណ​ទីប្រជុំជន​ ដែល​នៅ​សេសសល់​ផងដែរ​ ។

ចំណែកឯកឧត្តម​ ហួត ហាក់ ដែលជារដ្ឋមន្រ្តីទេសចរណ៍ផងបានថ្លែងថា​ មូលដ្ឋាន​ទេសចរណ៍​ គឺ​សន្តិភាព​ ព្រោះ​មាន​សន្តិភាព​ ទើប​មាន​ទេសចរណ៍​ ។រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ព្រមជាមួយ​នឹងកេរ្តិ៍ឈ្មោះជាប្រទេសចំណាស់មួយនៅក្នុងពិភពលោក ដែលមានវប្បធម៌ដ៏សម្បូរបែប និងសម្រស់ធម្មជាតិ​ដ៏ស្រស់​ត្រកាល​ គួរជាទីប្រតិព័ទ្ធ និងចំណីអារម្មណ៍ដ៏ស្រស់ស្រាយ​ សម្រាប់ទេសចរជាតិ​ និងអន្តរជាតិ គ្រប់ជាតិសាសន៍ មកទស្សនាកម្សាន្ត​ ៕
ដោយ៖លី ពៅ

ads banner