អ្នកចាត់ការក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា អំពាវនាវប្រជាពលរដ្ឋចូលរួម បរិច្ចាគឈាម ក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ប្រធានចាត់ការទូទៅក្រុមកីឡាបាល់ទាត់ពិធីករកីឡាកម្ពុជា លោក គុជ ឆៃយ៉ា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមបរិច្ចាគឈាម ក្នុងព្រឹត្តការណ៍បរិច្ចាគឈាម ១០០០សាក់ ដែលគ្រោងនឹងធ្វើឡើងពេញ១ថ្ងៃ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដើម្បីរួមចំណែកជួយដល់សង្គមជាតិ ស្របពេលដែលតម្រូវការឈាមមានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោក គុជ ឆៃយ៉ា បានគូសបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនេះ ការទទួលការបរិច្ចាគឈាមពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ល្ងាច នៅកីឡដ្ឋានស្តាតចាស់ ហើយនៅវេលាម៉ោង ៦ល្ងាចតទៅនឹងមានការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជាមួយក្រុមបាល់ទាត់ប្រដាល់គុនខ្មែរ ដើម្បីជាចលនាបំផុសស្មារតី ក្នុងការចូលរួមបរិច្ចាគឈាមជួយជីវិតមនុស្សផងដែរ។

លោកបានសង្កត់ធ្ងន់ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់នេះត្រូវបានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ដល់វិស័យកីឡាកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុល និងរីកចម្រើន ក៏ដូចជាក្នុងន័យចូលរួមបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ និងកីឡាករបានយល់ដឹង ក្នុងការចូលរួមផ្តល់ឈាមឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈតម្រូវការឈាមកាន់តែកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ គោលគំនិតនៃការរៀបចំការប្រកួតកីឡាបាល់ទាត់ និងរួមគ្នាបរិច្ចាគឈាមនេះត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

គួររម្លឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានចូលរួមបរិច្ចាគឈាមមុនរួចមកហើយ ដោយឡែកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមបាល់ទាត់គុនខ្មែរ ដឹកនាំដោយ ឯកឧត្តម ខូវ ឆាយ ក៏បានចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជាការួមចំណែកជួយដល់កិច្ចការងារសង្គម ក៏ដូចជាកិច្ចការមនុស្សធម៌ជួយដល់សង្គមជាតិផងដែរ ។

ជាមួយគ្នានេះ បើតាមការគូសបញ្ជាក់របស់វេជ្ជបណ្ឌិតបានឱ្យដឹងថា ការបរិច្ចាគឈាមចំណាយពេលត្រឹមតែ ១០ទៅ ១៥នាទីប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់សុខភាពយើងឡើយ ផ្ទុយទៅវិញ ការបរិច្ចាគឈាមនេះមិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតអ្នកត្រូវការឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់អ្នកត្រូវការឈាម។ អ្នកដែលបានបរិច្ចាគឈាមទៀងទាត់ជួយឱ្យអ្នកផ្តល់ឈ្នះមានសុខភាពល្អ ដោយជួយកាត់បន្ថយជំងឺមហារីកនានា, ជួយឱ្យប្រសើរឡើងវិញនូវសុខភាពបេះដូង, ជួយទប់ស្កាត់កាឡើងទម្ងន់, ជួយទប់ស្កាត់ការដាច់សរសៃឈាមខួរក្បាល, ជួយកាត់បន្ថយជាតិដែក ដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែងសម្រាប់ស្ត្រី។ សម្រាប់ស្ត្រីអាចបរិច្ចាគឈាមរៀងរាល់ ៤ខែម្ដង រីឯសម្រាប់បុរសអាចបរិច្ចាគឈាមរៀងរាល់ ៣ខែម្ដង៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner