ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងជំហានទី១ សម្រាប់ឆ្នាំ២០២៥ ចាប់ពីខែកុម្ភៈ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
បើតាម ឯកឧត្តមរដ្ឋលេខាធិការ បេសកកម្មនេះមានគោលបំណងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរបណ្តុះបណ្តាលការប្រឈម និងសំណូមពររបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមសកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ ក្នុងនោះក៏មានការជួបប្រជុំជាមួយ នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជួបប្រជុំជាមួយគណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្រ្តីរាជការ, និងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាននីមួយៗផងដែរ។
ការចុះបេសកកម្មរបស់ថ្នាក់ដឹកនាំនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី១ នេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថានេះជាសកម្មភាពមួយទៀតក្នុងការយកចិត្តទុកដាកពង្រីកការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពោលនាពេលកន្លងមក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានចុះ និងចាត់តាំងថ្នាក់ដឹកនាំរបស់ក្រសួងចុះសួរសុខទុក្ខ និងសំណេះសំណាល ពិសារបាយជាមួយបងប្អូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ