អភិបាលខេត្តកំពង់ឆ្នាំងស្នើដល់មន្ទីរពាក់ព័ន្ធ សិក្សានិងវាយតម្លៃផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកកំពង់លែង
កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យនិងវាយតម្លៃផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកកំពង់លែងកាលពីព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានណែនាំដល់អភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក និងភូមិឃុំ ត្រូវសិក្សាស្វែងយល់ និងវាយតម្លៃ ផលប៉ះពាល់ឱ្យបានច្បាស់លាស់ ដើម្បីស្នើសុំទៅក្រសួងពិនិត្យសម្រេច។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងប្រាប់ដល់អាជ្ញាធរមូលដ្ឋាន ផ្អាកចុះហត្ថលេខាលើការ ស្នើសុំសាងសង់សំណង់រឹង ដែលប៉ះពាល់លើដីចំណីផ្លូវ ជាបណ្ដោះអាសន្ន ព្រោះនៅពេលដែលក្រសួងសម្រេច នឹងងាយស្រួលមិនប៉ះពាល់ដល់សំណង់រឹងរបស់ពួកគាត់។
នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យរដ្ឋបាលស្រុកជួសជុលកែលម្អអគារសាលាស្រុកឡើងវិញ ។ឯកឧត្តម ក៏បានអនុញ្ញាតឱ្យមានការកសាង អគារការិយាល័យច្រកចេញចូលមួយមួយខ្នងដល់សាលា
ស្រុកផងដែរ៕
ដោយ៖សុខ គឹមសៀន