ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោម ខេត្តសៀមរាបជួសជុលរួចរាល់

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យ​ដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាង​ជើង​ប្រាសាទភ្នំក្រោម ដែលស្ថិត​នៅខេត្តសៀមរាប បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នក​ជំនាញការរបស់​អាជ្ញាធរជាតិអប្សរាបាន​អភិរក្ស និងជួសជុលយ៉ាងយកចិត្តទុក​ដាក់។

បើតាម លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ប្រាសាទឥដ្ឋជ្រុងខាងជើង​នៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅ​អំឡុងខែ មិថុនា និងបញ្ចប់​ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះ​មានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។
ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល និងតួជញ្ជាំង​របស់ប្រាសាទ​មានសភាពពុកផុយ ហើយ​រដូវវស្សាមានទឹកភ្លៀងហូរច្រោះតាម​ថ្នេរឥដ្ឋ ដែលមូលហេតុបណ្ដាល​មកពីអាយុកាល អាកាសធាតុ និងរុក្ខជាតិដុះ​ចាក់​ហែកឥដ្ឋជាដើម។ល។

ចំពោះបច្ចេកទេសជួសជុលវិញ លោក រស់ វិសុទ្ធ ពន្យល់ថា ក្រុមការងារ​បានព្យាយាមរក្សាឥដ្ឋចាស់ ដោយក្នុងនោះ​ប្រមូលឥដ្ឋ​ដែលនៅសេសសល់ បន្ទាប់មកកាត់ឥដ្ឋថ្មីបិទភ្ជាប់​នៅទីតាំងដែលបាត់ឥដ្ឋ និងរៀបជញ្ជាំងយក​លំនាំ​តាមរចនា​សម្ព័ន្ធចាស់។ ក្រោយជួសជុលបានស្អាតវិញហើយ ប្រាសាទនេះ​មានភាពទាក់ទាញខ្លាំង និងគួរជាទីទស្សនា។

សូមជម្រា​បថា ប្រាសាទភ្នំក្រោមមានជម្រើសច្រើនឱ្យភ្ញៀវទស្សនា ក្នុងនោះ​អាចទស្សនាផ្ទៃទឹកបឹងទន្លេសាប បរិស្ថានដ៏ស្រស់បំព្រង សម្រស់វាលស្រែខៀវ និងពណ៌មាស ទស្សនាថ្ងៃរះ ថ្ងៃលិច ភូមិឋានជុំវិញភ្នំ និងវត្តអារាមជាដើម៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner