សិស្សជាង ៦០នាក់ ទទួលការបណ្ដុះបណ្ដាលជំនាញអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី
បន្ទាយមានជ័យ៖ប្អូនៗកូនក្មួយ សិស្សានុសិស្សទាំងអស់ ត្រូវមានចំណង់ផ្ទាល់ខ្លួន ទើបការជ្រើសរើសយកជំនាញបានចំគោលដៅនិងត្រឹមត្រូវ។នេះជាប្រសាសន៍របស់លោក យឹម សំណាង អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ខណៈចុះពិនិត្យការបង្រៀនជំនាញអគ្គិសនី នៅវិទ្យាល័យជប់វ៉ារី នៅភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

សិក្ខាកាមដែលចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនាពេលនេះមានជាង ៦០នាក់ ដោយសិក្សាលើមេរៀនចំនួន៤។ទី ១.សុវត្ថិភាពការងារ ,២.ការសង្គ្រោះបឋម ,៣.សិក្សាអំពីឧបករណ៍ និងសម្ភារៈអគ្គិសនី និងទី៤.ការប្រមូលផ្ដុំមេរៀនទាំងអស់។

ទាក់ទងនឹងការចាប់យកជំនាញផ្នែកអគ្គិសនី លោក អភិបាលរងខេត្តបានលើកទឹកចិត្តថា នេះពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្អូនៗក្មួយៗសិស្សានុសិស្ស ។ដូច្នេះសូមព្យាយាមយកចិត្តទុកដាក់ស្ដាប់ និងខិតខំរៀនសូត្រចាប់យកនូវមុខជំនាញឱ្យបានច្បាស់លាស់។ ជាពិសេស ត្រូវស្គាល់ឱ្យច្បាស់ពីសម្ភារៈប្រើប្រាស់ផ្នែកអគ្គិសនី និងដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន។

សូមជម្រាបថា ការបណ្ដុះបណ្ដាលជំនាញអគ្គិសនីនេះ មានការផ្ដួចផ្ដើមគាំទ្រឧបត្ថម្ភពីឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ទើបអគារពហុបច្ចេកទេសបានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញអគ្គិសនីដល់យុវជនក្រៅសាលា និងសិស្សក្នុងសាលារយៈពេលសិក្សា ៣ខែ លើផ្នែកជំនាញអគ្គិសនីនេះ។

ដោយ៖ឃិន គន្ធា
