ធ្វើទស្សនកិច្ចក្រៅប្រទេសដំបូង រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវគេដុតរូប

បរទេស ៖ រូបថតរបស់រដ្ឋមន្ត្រីការទេសអាមេរិក Marco Rubio ត្រូវបានគេដុត នៅប្រទេសប៉ាណាម៉ា ជាទីដែលលោកធ្វើដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសថ្មីថ្មោង របស់លោក Donald Trump។

រូបថតរបស់លោកត្រូវបានដុតអំឡុងការតវ៉ា ប្រឆាំងនឹងទស្សនកិច្ចរបស់លោក នៅខាងក្រៅវិមានរដ្ឋាភិបាល ប៉ាណាម៉ា ពោលគឺក្នុងពេលដែលលោក Rubio ជួបជាមួយប្រធានាធិបតី ប្រទេសប៉ាណាម៉ា លោក Jose Raul Mulino។

ក្រុមអ្នកតវ៉ាប្រមាណជាង២០០នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងការទាមទាររបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលចង់គ្រប់គ្រងព្រែកជីកប៉ាណាម៉ា។

យ៉ាងណាមិញ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្អាក់ដល់បាតុកម្ម។
ក្រុមអ្នកតវ៉ាបានដុតរូបលោក Rubio និង រូបថ្លុកលោក Trump ជាមួយនឹងទង់ជាតិ ណាស៊ី។ ពួកគេស្រែកថា «លោក Rubio ចេញពីប៉ាណាម៉ា»។

មេដឹកនាំសហជីពឈ្មោះ Saul Mendez បាននិយាយថា «យើងសូមបញ្ជាក់ឡើងវិញថា គ្មានអ្វីនៅទីនេះ សម្រាប់ Trump ទេ.. ប៉ាណាម៉ា គឺជាប្រទេសសេរី និងអធិបតេយ្យភាព»។

ព្រែកជីក ប៉ាណាម៉ា ត្រូវបានប្រគល់ ទៅឱ្យប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៩៩។ សន្ធិសញ្ញា ដែលនាំទៅដល់ការប្រគល់នោះ គឺ ទាមទារឱ្យមានអព្យាក្រឹតភាព ជាអចិន្ត្រៃយ៍ នៃព្រែកជីក ដែលសាងសង់ដោយសហរដ្ឋអាមេរិក មួយនេះ។

ក្រសួងការបរទេសអាមេរិក បាននិយាយ នៅក្នុងសេចក្តីសង្ខេបនៃកិច្ចប្រជុំថា «លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ យ៉ាងច្បាស់ថា ស្ថានភាពនេះ គឺមិនអាចទទួលយកបាន ហើយបើនៅតែមិនមានការផ្លាស់ប្តូរ ភ្លាមៗទេ វានឹងតម្រូវឱ្យសហរដ្ឋអាមេរិក ចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួន ក្រោមសន្ធិសញ្ញា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner