ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៥ ជួយកីឡាករកីឡាការនីកម្ពុជាសម្រេចក្តីស្រមៃរបស់ខ្លួន
ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីបីប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក បានប្រព្រឹត្តទៅយ៉ាងជោគជ័យនៅទីលានបាល់ទាត់ សិរីរតនៈ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះបានទទួលស្វាគមន៍វត្តមានប្អូនៗជាកីឡាករកីឡាការនីចំនួន ៣៦០នាក់ មកពី៣០ក្រុម ដែលការចូលរួមដ៏ច្រើនកុះករនេះបានបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំថ្នាក់មូលដ្ឋានធំជាងគេបំផុតនៅកម្ពុជា ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League មិនត្រឹមតែជាការប្រកួត ប្រជែងកីឡាប៉ុណ្ណោះទេ តែវាជាឧបករណ៍ជម្រុញការអភិវឌ្ឍដោយប្រើប្រាស់កីឡាបាល់ទាត់ ដើម្បីលើក កម្ពស់ការអប់រំដោយគុណភាព និងការរៀនសូត្រជំនាញបំណិនជីវិតថែមទៀតផង ។ ដោយផ្តោតសំខាន់ ចំពោះកុមារ និងយុវជនជួបប្រទះការលំបាក កម្មវិធីប្រកួតវិលជុំនេះផ្តល់ឱកាសដ៏មានអត្ថន័យដល់កីឡាករកី ឡាការនីវ័យក្មេងទាំងនេះឲ្យអាចបង្កើនចំណេះដឹងទាក់ទងនឹងជំនាញបំណិនជីវិត និងយល់ដឹងពីបញ្ហា សង្គមសំខាន់ៗ តាមរយៈការលេងបាល់ទាត់ ។
លោក Gregory Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ ទាត់អង្គការផ្កាយសមុទ្របានសង្កត់ធ្ងន់ថា ការប្រកួតវិលជុំនេះគឺមានន័យលើសពីការឈ្នះចាញ់ ហើយ អ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺជាការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ការរៀនសូត្រអ្វីថ្មីៗ និងការកសាង មិត្តភាព ។ ជាមួយគ្នានេះ លោក ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗ កីឡាករកីឡាការនីកុំឲ្យមានការភ័យខ្លាចពេលដែលមានកំហុសពេលលេង ហើយត្រូវរៀនសូត្រពីកំហុស ទាំងនោះ ។ បន្ថែមពីនេះទៀត លោកនៅតែបន្តលើកទឹកចិត្តដល់ប្អូនៗទាំងអស់គ្នាឲ្យហ៊ានសាក ល្បងអ្វីដែលថ្មី រៀនសូត្រជំនាញថ្មីៗ និងបន្តរៀនសូត្រដោយកុំភ័យខ្លាចភាពបរាជ័យ ។ ទន្ទឹមនិងនោះ លោកបានក្រើនរម្លឹកដល់កីឡាករកីឡាការនីគ្រប់ៗរូបថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះគឺជាឱកាសសម្រាប់ប្អូនៗអាចអភិវឌ្ឍ ពង្រឹងសមត្ថភាពរបស់ខ្លួន និងទទួល យកភាពសប្បាយរីករាយដោយមិនមានសម្ពាធអ្វីទាំងអស់ ។
គូសបញ្ជាក់ផងដែរថា ដោយឈរលើឆន្ទៈរួមគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រផ្តួចផ្តើមការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡាបាល់ទាត់ ដែលផ្តល់ជាផលវិជ្ជមាននៃការធ្វើការជាក្រុម លើកកម្ពស់ការអប់រំដោយគុណភាព ការមានវិន័យ បណ្តុះទម្លាប់លេងកីឡា និងបំណិនជីវិតសំខាន់ៗទៀត ផង ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅខេត្តបន្ទាយមានជ័យ នឹងប្រព្រឹត្តទៅរយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា ដោយមានក្រុមបាល់ទាត់កុមារាកុមារីចូលរួមទៅតាមប្រភេទ អាយុចំនួនប្រាំមួយ៖ កុមារីអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១០ឆ្នាំ, កុមារីអាយុ ក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ ។ ក្រុមឈ្នះក្នុងការប្រកួត ប្រចាំខេត្តនឹងបន្តទៅប្រកួតដណ្តើមយកតំណែងម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដ៏ធំនៅរាជធានីភ្នំពេញខាងមុខនេះ ៕
![](https://asset.ams.com.kh/central/media/2025/02/IMG_0028-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_0056-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_0125-1-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_0161-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_9346-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_9449-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_9719-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_9406-1024x683.jpg)
ដោយ ជាវ ចន្ធូ