ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល”
(ភ្នំពេញ)៖ ដោយមើលឃើញពីកំណើននៃការវាយប្រហារនិងការគំរាមកំហែងផ្នែកសន្តិសុខសាយប័រលើក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល ក.ប.ទ. ក្នុងនាមជាក្រសួងអភិវឌ្ឍនិងគ្រប់គ្រងវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានកំពុងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ បទដ្ឋានគតិយុត្ត ការគាំទ្រលើការអភិវឌ្ឍធនធានជំនាញ និងបានកំពុងរៀបចំកម្មវិធីបញ្ជ្រាបចំណេះដឹងនានាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល” នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបអ្នកចូលរួម ៨៣នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការបង្ហាញ (Demo) និងសំណួរចម្លើយទាក់ទងនឹងនិន្នាការ បញ្ហាប្រឈម ហានិភ័យ វិធីសាស្រ្តក្នុងការបង្ការ ការគ្រប់គ្រង និងការឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ជាពិសេសការរៀបចំផែនការក្នុងការធានាសុវត្ថិភាពនិងសន្តិសុខលើការគ្រប់គ្រង ប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលស្របទៅតាមឧត្តមានុវត្តន៍តំបន់និងសកល។
វាគ្មិនកិត្តិយស បានលើកឡើងក្នុងបទបង្ហាញថា ដើម្បីពង្រឹងសុវត្ថិភាពឌីជីថលដល់អាជីវកម្ម ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចាំបាច់ត្រូវយកចិត្តទុកដាក់លើសន្តិសុខសាយប័រដោយផ្អែកលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖ ការគ្រប់គ្រងដំណើរការនិងអភិបាលកិច្ច (Process)៖ ការរៀបចំគោលការណ៍សន្តិសុខសាយប័រ ការវាយតម្លៃហានិភ័យ (Risk Assessment) និងផែនការឆ្លើយតបទៅនឹងហានិភ័យ (Incident Response Plan) ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការអាជីវកម្ម។
ធនធានមនុស្ស (People)៖ ការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ ចំពោះនិយោជិក និងដៃគូអាជីវកម្ម ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងដោយការវាយប្រហារ។
បច្ចេកវិទ្យា (Technology)៖ ការបំពាក់ឧបករណ៍និងបច្ចេកវិទ្យាបង្កើនសុវត្ថិភាពឌីជីថលដល់អាជីវកម្មដើម្បីទប់ស្កាត់និងកាត់បន្ថយការវាយប្រហារ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តគាំទ្រនិងជំរុញការបញ្រ្ជាបចំណេះដឹងឱ្យបានកាន់តែទូលំទូលាយនិងការយល់ដឹងកាន់តែល្អប្រសើរឡើងអំពីការវាយប្រហារតាមប្រព័ន្ធអនឡាញ និងវិធីសាស្ត្រការពារខ្លួន៕
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកទឹកចិត្តឱ្យមានការចូលរួមនិងសហការពីក្រុមហ៊ុនធុរកិច្ចថ្មីនិងសហគ្រិនឌីជីថល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់លើការងារសន្តិសុខសាយប័រ ដើម្បីបង្កើតសង្គមមួយប្រកបដោយសុវត្ថិភាពសម្រាប់កម្ពុជា។
ដោយ ៖ ង៉ាន់ ទិត្យ