ភ្នំពេញ៖ការបើកសាកល្បងផ្លូវថ្មើរជើងប្របដងទន្លេសាប រយៈពេលពីរថ្ងៃនៃចុងសប្ដាហ៍ទាក់ទាញចំណាប់អារម្មណ៍ខ្លាំង
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញកាលពីចុងសប្ដាហ៍កន្លងទៅនេះ បានដាក់ឱ្យដំណើរការសាកល្បងជាលើកដំបូងរយៈពេល២ថ្ងៃ នូវផ្លូវថ្មើរជើង ឬ walk street គឺនៅថ្ងៃសៅរ៍ទី១ ខែកុម្ភៈ និងថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង១១ យប់ នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ ។បន្ទាប់ពីដាក់ដំណើរការសាកល្បងរួច ជាលទ្ធផល គឺទទួលបានគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ។ការគាំទ្រតាមរយៈការបង្ហាញនូវវត្តមានអ្នកធ្វើដំណើរកម្សាន្តចម្រុះជាសាសន៍ មានចំនួនយ៉ាងច្រើនកុះករ ខុសពីពេល
ធម្មតា ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវថ្មើរជើង (walk street)ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល២ថ្ងៃនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិមកដើរកំសាន្តច្រើន។ ទោះជាមិនបានបង្ហាញពីចំនួនតួលេខក៏ដោយ លោកស្រីអ្នកនាំពាក្យដដែលបានបង្ហាញនូវការប្រៀបធៀបថា ថ្ងៃទី២នៃការបើកឱ្យដំណើរការសាកល្បង គឺមានបងប្អូនប្រជាពលរដ្ឋ, ភ្ញៀវជាតិនិងអន្តរជាតិដើរលេងកំសាន្តច្រើនជាងថ្ងៃទី១។នេះបង្ហាញឱ្យឃើញពីសន្ទស្សន៍នៃកើនឡើង។
ការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស ពិតជាសមស្រប ខណៈដែលនៅលើបណ្ដាញសង្គមនានា ជាលក្ខណៈឯកជនបានបង្ហាញឱ្យឃើញនូវការចាប់ចំពោះផលិតផលទេសចរណ៍ថ្មីនេះ ជាមួយរូបភាពអ្នកដើរកម្សាន្តទស្សនាដងទន្លេសាបប្រកបដោយជំនោរខ្យល់ត្រជាក់ស្រេង, ទស្សនាការតុបតែងតាមដងតិរវិថី និងវិថី ។ពិសេសគយគន់សម្រស់ និងភាពអស្ចារ្យនៃព្រះបរមរាជវាំង ។
ដោយមិននៅត្រឹមសាកល្បងតែប៉ុណ្ណេះ រដ្ឋបាលនឹងធ្វើការកែសម្រួលបន្ថែមទៀតដើម្បីបង្កើនភាពទាក់ទាញនិងបង្កើតមុខរបរ ,បង្កើតចំណូលជូនប្រជាពលរដ្ឋ ។លោកស្រីអ្នកនាំពាក្យបានលើកឡើងថា យើងសង្ឃឹមថា ក្រោយពីយើងធ្វើការកែសម្រួលជាបន្តបន្ទាប់ទៀត ដូចជា ការរៀបចំស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័ស្សកម្មជាដើមនោះ កំណើនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិនឹងកើនឡើងជាងនេះទៀត។
លោកស្រី ដោ សម្ផស្ស ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភ្ញៀវជាតិនិងអន្តរជាតិ ពិសេសប្រជាពលរដ្ឋរស់នៅជាប់ទីតាំងនេះ ដែលបានចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរបានយ៉ាងល្អ ដែលវានឹងធ្វើឱ្យគម្រោងបើកផ្លូវថ្មើរជើងនេះទទួលបាននូវភាពជោគជ័យ។
សូមជម្រាបថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណត់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ