ទោះជាខេត្តជាប់មាត់សមុទ្រ ក៏អភិបាលខេត្តនៅតែរំលឹកឱ្យយក​ចិត្តទុក​ដាក់លើបញ្ហាទឹក

កែប៖ ខណៈអញ្ជើញចុះពិនិត្យស្ថានភាពបណ្តាទំនប់ទឹក ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបាន​បញ្ជាក់ប្រាប់មន្រ្តីជំនាញដែលរួមដំណើរអំពីការធ្វើយ៉ាងដើម្បីធានាការផ្តល់ទឹកបាន​​គ្រប់ គ្រាន់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជា​ការបង្ក​បង្កើន​​ផលស្រូវប្រាំង និងដំណាំរួមផ្សំដទៃទៀត។

ក្នុងសកម្មភាពកាលពីថ្ងៃទី២ ខែកុម្ភៈ ឯកឧត្តមអភិបាលខេត្តបានពិនិត្យ​ទំនប់រនេស ដែលមានប្រវែង២ ៥០០ ម៉ែត្រ។ទំនប់នេះអាចស្តុកទឹកបាន​ប្រមាណជាង ៦លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដី​ស្រូវប្រាំងចំនួន ៣០០​ហិកតា និងដំណាំរួមផ្សំចំនួន ១៥០ហិកតា ។ទំនប់នេះ ក៏ជាកន្លែងស្តុកទឹកមួយដ៏មានសារៈប្រយោជន៍សម្រាប់​ប្រជាពល​រដ្ឋចំនួនពីរឃុំ គឺ ឃុំពងទឹក និង ឃុំអង្កោល។ទំនប់នេះបម្រុងទុកប្រើប្រាស់​ក្នុងរដូវប្រាំងដែលអាចជួយ​ផ្គត់ផ្គង់បាន​ភូមិចំនួន៧ រួមមាន ភូមិរនេស​ ភូមិអូរដូង ភូមិ​ព្រៃតាកុយ ភូមិភ្នំលាវ ឃុំពងទឹក​ និងភូមិកោះសោម ភូមិអំពេង​ ភូមិអង្កោល ឃុំអង្កោល​ នៃស្រុកដំណាក់ចង្អើរ។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានណែនាំដល់អាជ្ញាធរ​ពាក់ព័ន្ធត្រូវពិនិត្យ និងតាមដានជា​ប្រចាំចំពោះ​បញ្ហា​ទឹកស្រោចស្រពដំណាំ​ជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ​មានទឹកគ្រប់គ្រាន់ សម្រាប់​ការស្រោចស្រព ហើយមិនត្រូវឱ្យស្រូវ​ និងដំណាំ របស់ប្រជាពលរដ្ឋខូចខាតដោយ​ការខ្វះខាតទឹកស្រោចស្រពនៅ​ក្នុងភូមិសាស្ត្រ​ខេត្តកែបឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាកសិករទាំង​អស់ ដែលធ្វើស្រែប្រាំង ឬដាំដុះដំណាំ​ផ្សេងៗ​សូមប្រើប្រាស់ដោយសន្សំសំចៃ និងទៅតាមតម្រូវការចាំបាច់៕
ដោយ៖ សិលា សារិន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner