ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៥ ជួយកីឡាករកីឡាការនីកម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួន
ភ្នំពេញ៖ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីបីប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក បានប្រព្រឹត្តទៅដោយជោគជ័យនៅទីលានបាល់ទាត់ សិរីរតនៈ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
![](https://asset.ams.com.kh/central/media/2025/02/IMG_9719-1-1024x683.jpg)
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះបានទទួលស្វាគមន៍វត្តមានប្អូនៗជាកីឡាករកីឡាការនីចំនួន ៣៦០នាក់ មកពី៣០ក្រុម ដែលការចូលរួមដ៏ច្រើនកុះករ។ ទិដ្ឋភាពនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំថ្នាក់មូលដ្ឋានធំជាងគេបំផុតនៅកម្ពុជា ។
![](https://asset.ams.com.kh/central/media/2025/02/IMG_9569-1-1024x683.jpg)
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League មិនត្រឹមតែជាការប្រកួត ប្រជែងកីឡាប៉ុណ្ណោះទេ តែវាជាឧបករណ៍ជំរុញការអភិវឌ្ឍដោយប្រើប្រាស់កីឡាបាល់ទាត់ ដើម្បីលើក កម្ពស់ការអប់រំដោយគុណភាព និងការរៀនសូត្រជំនាញបំណិនជីវិតថែមទៀតផង ។ដោយផ្តោតសំខាន់ ចំពោះកុមារ និងយុវជនជួបប្រទះការលំបាក កម្មវិធីប្រកួតវិលជុំនេះផ្តល់ឱកាសដ៏មានអត្ថន័យដល់កីឡាករ កីឡាការិនីវ័យក្មេងទាំងនេះអាចបង្កើនចំណេះដឹងទាក់ទងនឹងជំនាញបំណិនជីវិត និងយល់ដឹងពីបញ្ហា សង្គមសំខាន់ៗ តាមរយៈការលេងបាល់ទាត់ ។
![](https://asset.ams.com.kh/central/media/2025/02/IMG_9406-1-1024x683.jpg)
លោក Gregory Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ ទាត់អង្គការផ្កាយសមុទ្របានសង្កត់ធ្ងន់ថា ការប្រកួតវិលជុំនេះមានន័យលើសពីការឈ្នះចាញ់ ហើយ អ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺជាការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ ការរៀនសូត្រអ្វីថ្មីៗ និងការកសាង មិត្តភាព ។ ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តដល់ប្អូនៗ កីឡាករកីឡាការនីកុំឱ្យមានការភ័យខ្លាចពេលដែលមានកំហុសពេលលេង ហើយត្រូវរៀនសូត្រពីកំហុស ទាំងនោះ ។ បន្ថែមពីនេះទៀត លោកនៅតែបន្តលើកទឹកចិត្តដល់ប្អូនៗទាំងអស់គ្នាឲ្យហ៊ានសាក ល្បងអ្វីដែលថ្មី រៀនសូត្រជំនាញថ្មីៗ និងបន្តរៀនសូត្រដោយកុំភ័យខ្លាចភាពបរាជ័យ ។
![](https://asset.ams.com.kh/central/media/2025/02/IMG_9346-1-1024x683.jpg)
ទន្ទឹមនឹងនោះ លោកបានក្រើនរម្លឹកដល់កីឡាករកីឡាការនីគ្រប់ៗរូបថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះគឺជាឱកាសសម្រាប់ប្អូនៗអាចអភិវឌ្ឍ ពង្រឹងសមត្ថភាពរបស់ខ្លួន និងទទួល យកភាពសប្បាយរីករាយដោយមិនមានសម្ពាធអ្វីទាំងអស់ ។
គួរបញ្ជាក់ផងដែរថា ដោយឈរលើឆន្ទៈរួមគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រផ្តួចផ្តើមការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡាបាល់ទាត់ ដែលផ្តល់ជាផលវិជ្ជមាននៃការធ្វើការជាក្រុម លើកកម្ពស់ការអប់រំដោយគុណភាព ការមានវិន័យ បណ្តុះទម្លាប់លេងកីឡា និងបំណិនជីវិតសំខាន់ៗទៀត ផង ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅខេត្តបន្ទាយមានជ័យ នឹងប្រព្រឹត្តទៅរយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា ដោយមានក្រុមបាល់ទាត់កុមារាកុមារីចូលរួមទៅតាមប្រភេទ អាយុចំនួនប្រាំមួយ៖ កុមារីអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១០ឆ្នាំ, កុមារីអាយុ ក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ ។ ក្រុមឈ្នះក្នុងការប្រកួត ប្រចាំខេត្តនឹងបន្តទៅប្រកួតដណ្តើមយកតំណែងម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដ៏ធំនៅរាជធានីភ្នំពេញខាងមុខនេះ ៕
ដោយ៖ ជាវ ចន្ធូ
![](https://asset.ams.com.kh/central/media/2025/02/IMG_0161-1-1024x683.jpg)