ប៉ូឡូញចាយលុយជាង ៧០០ លានដុល្លារ ទិញមីស៊ីល ២០០ គ្រាប់ពីអាមេរិក

វ៉ាសូវី ៖ ក្រសួងការពារជាតិប៉ូឡូញ ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញមីស៊ីលប្រឆាំងប្រព័ន្ធរ៉ាដាការពារដែនអាកាសជាង ២០០ គ្រាប់ពីសហរដ្ឋអាមេរិក ក្នុងតម្លៃ ៧៤៥ លានដុល្លារ។

ការបញ្ជាទិញមីស៊ីលទាំងនេះ ពីក្រុមហ៊ុនផលិតសព្វាវុធការពារជាតិអាមេរិក Northrop Grumman កើតឡើងនៅពេលដែលប៉ូឡូញកំពុងរង់ចាំការចែកចាយយន្តហោះចម្បាំងដ៏ទំនើប F-35 ចំនួន ៣២គ្រឿងដំបូងពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៦។

កិច្ចសន្យាថ្មីនេះ សំដៅលើការបញ្ជាទិញមីស៊ីល AGM-88G ដែលប្រើដោយយន្តហោះចម្បាំង ដើម្បីវាយប្រហារលើប្រព័ន្ធរ៉ាដាការពារដែនអាកាស ដែលស្ថិតនៅលើដី។

ដោយមានសមត្ថភាពវាយប្រហារបានចម្ងាយលើស ២០០គីឡូម៉ែត្រ មីស៊ីលទាំងនោះនឹងអនុញ្ញាតឱ្យយន្តហោះចម្បាំងប៉ូឡូញ អាចកម្ទេចប្រព័ន្ធរ៉ាដានៅក្រៅរយៈចម្ងាយវាយប្រហារ នៃប្រព័ន្ធប្រឆាំងយន្តហោះ ដែលការពារពួកវា។ មីស៊ីលទាំងនេះ នឹងត្រូវប្រគល់ឱ្យប៉ូឡូញនៅចន្លោះឆ្នាំ២០២៩ និងឆ្នាំ២០៣៥។

ប្រទេសប៉ូឡូញបាននឹងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសព្វាវុធថ្មីៗ និងឧបករណ៍យោធាសម្រាប់បំពាក់ដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីការលុកលុយក្នុងឆ្នាំ២០២២របស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

ជាក់ស្តែង ប៉ូឡូញបានដឹកនាំផ្លូវរបស់សមាជិកអង្គការណាតូដទៃទៀត ដោយប្រកាសពីផែនការចំណាយប្រហែល ៣៩.៧ពាន់លានដុល្លារ ឬប្រហែល ៤.២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសខ្លួន ដើម្បីបំពាក់សព្វាវុធទំនើបៗដល់កងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៥នេះ៕

ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner