ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវឱ្យពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិ​នៅមូលដ្ឋាន

ក្រចេះ៖ក្នុងឱកាសចុះពិនិត្យកិច្ចការងារនៅមូលដ្ឋានខេត្តក្រចេះ កាលពីចុងសបា្តហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមការពារ និងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូរបែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋាន តាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះ​ពិភព​លោក ហើយបច្ចុប្បន្ន សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ ក្បាលដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រ​ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ជាកន្លែងទេសចរណ៍សត្វផ្សោត​ដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិ និងអន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារ និងចំណូល​ជូនដល់សហគមន៍មូលដ្ឋាន។

ខេត្តក្រចេះមានទីតាំងទេសចរណ៍ ប្រកបដោយសក្តានុពលជាច្រើន ដូចជា អន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ស្ថិតនៅក្នុងស្រុកសំបូរ, តំបន់សហគមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ស្ថិត​ក្នុងក្រុងក្រចេះ និងរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់​ទាញភ្ញៀវទេសចរជាច្រើន ដូចជា ក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គ​ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ និងកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត គណៈកម្មការ​គ្រប់គ្រងរមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍ សហគមន៍ដែលបានចូលរួមរៀបចំពង្រឹងការធ្វើបដិសណ្ឋារ​កិច្ច​ភ្ញៀវឱ្យបានល្អប្រសើរ, បម្រើសេវាកម្មជូនភ្ញៀវឱ្យបានល្អ, រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ, រក្សាការ​អនាម័យក្នុង និងជុំវិញបរិវេណអាជីវកម្មរបស់ខ្លួន, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនភ្ញៀវឱ្យបានល្អប្រសើរ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបង្ហាញថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិចិន-វៀតណាម រយៈពេល ៣ថ្ងៃ (២៩-៣០-៣១ មករា២០២៥) កន្លងមកថ្មីៗនេះ ខេត្តក្រចេះ ទទួលបានភ្ញៀវ​ទេសចរចំនួន ១៣ ៩០៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ១៣ ៤៦៩នាក់ ភ្ញៀវទេសចរអន្តរជាតិ ៤៣៤នាក់។ បើប្រៀប​ធៀបឆ្នាំ២០២៤ ភ្ញៀវទេសចរមានចំនួនសរុប ១០ ៣៤១នាក់ ឆ្នាំ២០២៥នេះ មានការកើនឡើង ៣ ៥៦២នាក់ ស្មើនឹង ៣៤.៤៤ភាគរយ៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner