អតីតបុគ្គលិក SpaceX ប្រមូលលុយបាន ១០០ លានដុល្លារ ផលិតមីស៊ីលលឿនជាងសំឡេង
វ៉ាស៊ីនតោន ៖ Castelion ដែលជាក្រុមហ៊ុនទើបចាប់កំណើតថ្មីក្នុងឧស្សាហកម្មការពារជាតិ និងមានក្រុមការងារធ្លាប់ជាបុគ្គ្គលិកនៅ SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ប្រល័យបានជាង ១០០លានដុល្លារ កំពុងសំងំផលិតមីស៊ីលល្បឿនលឿនជាងសំលេង មានតម្លៃថោក ដើម្បីការពារអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
Castelion មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ បង្កើតឡើងដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន SpaceX ក្នុងឆ្នាំ ២០២២។ ថ្មីៗនេះ Castelion បានរៃអង្គាសប្រាក់បាន ១០០លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំលេង និងមានតម្លៃថោកជាងក្រុមហ៊ុនដទៃ។ ក្រុមហ៊ុននេះក៏កំពុងអនុវត្តគោលការណ៍ច្នៃប្រឌិតផ្នែកឧស្សាហកម្មអវកាសពាណិជ្ជកម្ម ដើម្បីជំរុញការផលិតមីស៊ីលផងដែរ។
មីស៊ីល Hypersonic Missiles របស់ Castelion នឹងរួមបញ្ចូលគ្នានូវល្បឿនមិនគួរឱ្យជឿជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់ និងអាចបត់បែនបាន ដែលធ្វើឱ្យពួកវាស្ទើរតែមិនអាចស្ទាក់ចាប់បាន។ មីស៊ីលទាំងនេះ អាចហោះហើរក្នុងរយៈកម្ពស់ខ្ពស់ពី ៤០ទៅ១០០គីឡូម៉ែត្រ ហើយអាចវាយប្រហារលើគោលដៅចម្រុះជាមួយនឹងក្បាលគ្រាប់ធម្មតា។ គោលដៅបង្កើតមីស៊ីលរបស់ Castelion ត្រូវបានរំពឹងថា នឹងដាក់ឱ្យប្រើប្រាស់សម្រាប់កងទ័ពអាមេរិក ទាំងកងទ័ពជើងទឹក និងកងទ័ពអាកាស។
ក្រុមហ៊ុន Castelion បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា អាវុធវាយប្រហារចម្ងាយឆ្ងាយ ដែលមានល្បឿនលឿនជាងសំលេង ជាមួយនឹងតម្លៃសមរម្យ គឺជារឿងចាំបាច់បន្ទាន់ ដើម្បីបង្កើតអត្ថប្រយោជន៍ថាមពលប្រយុទ្ធដ៏មុតស្រួច និងទប់ស្កាត់ការឈ្លានពាននាពេលអនាគត។
សារព័ត៌មាន SpaceNews បានចេញផ្សាយថា Castelion មិនព្យាយាមប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុនការពារជាតិ ដូចជា Lockheed Martin និង Raytheon នោះទេ។ ប៉ុន្តែពួកគេកំពុងផ្តោតលើការផលិតមីស៊ីលល្បឿនលឿនជាងសំលេងក្នុងបរិមាណកាន់តែខ្ពស់មានតម្លៃថោក ដោយផ្តោតលើផ្នែកទីផ្សារផ្សេងៗគ្នា៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា