រដ្ឋាករទឹកបាត់ដំបង បើកការដ្ឋានតភ្ជាប់ និងពង្រីកបណ្តាញទឹកស្អាត​បំពង់​ទុយោមេខ្នាតធំប្រវែងពីរគីឡូម៉ែត្រ

បាត់ដំបង៖រដ្ឋាករទឹកបាត់ដំបងបានចាប់ផ្តើមបើកការដ្ឋានថ្មី ដើម្បីពង្រីក​បណ្តាញ​ចែកចាយទឹកស្អាតបន្ថែមទៀត ដើម្បី​តភ្ជាប់ទុយោបំពង់ដែកមេ និងជាបណ្តាញមេ ចេញពីស្ថានីយក្នុងក្រុងបាត់ដំបង និងចែកចាយផ្គត់ផ្គង់ទឹក​ស្អាតដោយ​ឆ្លងកាត់សង្កាត់ចំនួន២ក្នុងក្រុងបាត់ដំបង និងឃុំចំនួនមួយ របស់ស្រុកថ្មគោល។

ទន្ទឹមនឹងសកម្មភាពបើកការដ្ឋានថ្មីចាប់ផ្តើមកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុត ក្លឹង អគ្គ នាយករដ្ឋាករទឹក​បាត់ដំបងនិងក្រុមការងារបាន​អញ្ជើញ​ពិនិត្យមើលការដ្ឋានសាងសង់ភ្ជាប់បណ្តាញទុយោមេថ្មីនេះ ស្ថិតនៅភូមិ
បល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

តាមការបញ្ជាក់របស់ឯកឧត្តម អ៊ុត ក្លឹង បានឱ្យដឹងថា នៅដើមឆ្នាំ២០២៥នេះ រដ្ឋាករទឹកបាត់ដំបង បាននិងកំពុងតែ​រៀបចំ​ប្រព័ន្ធទុយោមេបណ្តាញ​ទឹកស្អាត​ទៅកាន់មូលដ្ឋានគោលដៅ ស្រុក-ក្រុង មួយចំនួនបន្ថែមទៀតជំរុញការ​ផ្គត់ផ្គង់ទឹកស្អាត​ជូនប្រជាពលរដ្ឋបានប្រើប្រាស់ឆាប់ៗខាងមុខ។ជាក់ស្តែងការ​បើកការដ្ឋានថ្ងៃនេះយើងបានពង្រីកវិសាលភាព​ក្នុងការ​ចែក​ចាយ និងផ្គត់ផ្គង់ទឹក​ស្អាត ដោយបានភ្ជាប់បណ្តាញបំពង់ទុយោមេខ្នាតមុខកាត់០,៦០ម៉ែត្រ និងមាន​ប្រវែងពីរពាន់​ម៉ែត្រ​នៅទីនេះ ដោយឆ្លងកាត់ក្នុងសង្កាត់វត្តគរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងឆ្លងកាត់ឃុំជ្រៃ ស្រុកថ្មគោល ។ការងារ​នេះ​​គ្រោងនឹង​បញ្ចប់​ក្នុងរយៈពេលមួយខែគិតចាប់ពីការចាប់​ផ្តើម បើកការដ្ឋានថ្ងៃនេះ។

ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបង ក៏បានបន្ថែមឱ្យដឹងទៀតថា បន្ទាប់​ពីស្ថានីយផលិតទឹកស្អាតទី៣ ស្ថិតនៅភូមិ​កំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង​​ដែលកំពុងតែពន្លឿន ហើយនឹង​ត្រូវបិទបញ្ចប់ការ​សាងសង់​នៅ​ក្នុងឆ្នាំ២០២៥នេះដែរ រដ្ឋាករទឹកបាត់ដំបងនឹងបន្តជំរុញ​ការពង្រីកតភ្ជាប់​បណ្តាញ​បំពង់ទុយោទឹកមេខ្នាតធំបែបនេះ ឆ្ពោះទៅ​កាន់​បណ្តា​ឃុំនៅជិតគោល​ដៅដូចជា ឃុំភ្នំសំពៅ នៃ ស្រុកបាណន់ ជាដើម។

សូមជម្រាបថា ស្ថានីយផលិតទឹកស្អាតទី៣ ដែលកំពុងសាងសង់បាន​ប្រមាណ​ពី៨៥ទៅ៩០ ភាគរយហើយនោះ ​មាន​សមត្ថភាព​ផលិតទឹកស្អាតក្នុងមួយ​ថ្ងៃប្រមាណ ៥ម៉ឺនម៉ែត្រគូប។

ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបង បញ្ជាក់បន្ថែមថា សមត្ថភាព​រោងចក្រផលិតទឹកស្អាតថ្មី ខាងលើនេះបូករួម​ជាមួយរោងចក្រផលិត​ទឹកស្អាតដែលកំពុងដំណើរការប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន ចំនួន២ទីតាំងនឹង​ធ្វើឱ្យរដ្ឋាករ​ទឹកបាត់ដំបងមានសមត្ថភាពក្នុងការផលិតទឹកស្អាតកើនដល់ទៅ ៨៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈ​បំពង់បណ្តាញ​ទឹកស្អាត មានប្រវែងសរុប​​៩២២គីឡូម៉ែត្រនឹងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយក្នុងការផ្គត់ផ្គង់​ទឹកស្អាត មិនត្រឹមតែអាចគ្របដណ្តប់ក្នុងដែនសេវាកម្ម អាជ្ញាបណ្ណរដ្ឋាករ​ទឹកបាត់ដំបង ផ្ទាល់ប៉ុណ្ណោះទេ តែអាចមានលទ្ធភាពចែក​ចាយ​ទៅកាន់​តំបន់ខាងក្រៅផ្សេងៗទៀត ដែលស្ថិតនៅជិតជុំវិញនោះ ដើម្បីឆ្លើយតបទៅនឹង​កំណើនប្រជាពលរដ្ឋ​ពី​តម្រូវ​ការទឹកស្អាតព្រមទាំងការអភិវឌ្ឍក្រុង និងនៅតាមទី​ប្រជុំជននានា ក្នុងការលើកកម្ពស់ សុខភាព​សាធារណៈ​និងជីវភាព​របស់ប្រជា​ជន ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានកំណត់នូវអាទិភាពគន្លឹះ ចំនួន​៥ គឺ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner