សកម្មភាពគន្លឹះធំៗ ចំនួន ៥៨ នឹងត្រូវដាក់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីសម្របសម្រួល និងគាំទ្រដល់ការកែទម្រង់រដ្ឋបាលសាធារណៈ
(ភ្នំពេញ)៖ ក្នុងកម្មវិធីបូកសរុបលទ្ធផល ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ រយៈពេល ២ថ្ងៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.)បានវាយតម្លៃការងារ ដោះស្រាយបញ្ហាប្រឈម ព្រមទាំងដាក់ផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ។ បន្ថែមលើការវាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមជាបន្តបន្ទាប់រួចមក គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដោយមានសកម្មភាពគន្លឹះយ៉ាងហោចណាស់ ៥៨សកម្មភាពចម្បងៗ។
សកម្មភាពទាំងអស់នេះ ជាសកម្មភាពដែលគាំទ្រដល់ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ សកម្មភាពផ្សេងៗទៀត ជាការអនុវត្តក្នុងក្របខណ្ឌការងារនានានៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចំនួន៤ គឺ អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈ, អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងអនុគណៈកម្មការកសាងសមត្ថភាពមន្ត្រី។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ៕
ដោយ ៖ ង៉ាន់ ទិត្យ




