រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។
បើតាម ឯកឧត្តមរដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។
ឯកឧត្តមរដ្ឋមន្ដ្រី មានប្រសាសន៍ដូចនេះ ក្នុងជំនួបជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។
ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀតជាមួយក្រសួងកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ និងផលចំនេញសេដ្ឋកិច្ចដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ប្រភព ៖ ក្រសួងកសិកម្ម
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_09-39-24-576x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_09-39-31-576x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_09-39-27-1024x576.jpg)