រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ពីការចូលកាន់កាប់ទីភ្នាក់ងារ USAID

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃចន្ទថា លោកត្រូវបានគេដាក់ឱ្យទទួលបន្ទុក លើទីភ្នាក់ងារជំនួយអាមេរិក USAID ដោយនិយាយថា លោកនឹងបញ្ឈប់ «ភាពមិនចុះសម្រុង» របស់ USAID ជាមួយនឹងរបៀបវារៈ របស់ប្រធានាធិបតី Donald Trump។

បន្ទាប់ពីមិត្តជាមហាសេដ្ឋី និងជាទីប្រឹក្សារបស់លោក Trump គឺ លោក Elon Musk បានប្តេជ្ញាថា នឹងបំផ្លាញទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID កាលពីចុងសប្តាហ៍ លោក Rubio បានបញ្ជាក់ថា លោក និងក្រសួងការបរទេស បានកាន់កាប់ស្ថាប័នស្វយ័ត មួយនេះ។

លោក Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេស El Salvador ថា «ពេលនេះ ខ្ញុំជានាយកស្តីទីនៃ USAID»។ លោក Rubio បាននិយាយថា មុខងារជាច្រើនរបស់ USAID នឹងបន្ត ប៉ុន្តែ បានចោទប្រកាន់ថា USAID ធ្វើសកម្មភាពដូចជា «អង្គភាព មិនមែនរដ្ឋាភិបាលឯករាជ្យ»។

លោក Rubio បានមានប្រសាសន៍ថា «ក្នុងករណី ជាច្រើន USAID ជាប់ពាក់ព័ន្ធនឹងកម្មវិធី ផ្ទុយនឹងអ្វីដែលយើងកំពុងព្យាយាមធ្វើជាមួយនឹងយុទ្ធសាស្ត្រជាតិ របស់យើង»។ លោកបានថ្លែងថា «វាមានរយៈពេល ២០ ឬ ៣០ ឆ្នាំហើយ ដែលមានការព្យាយាមកែទម្រង់ យុទ្ធសាស្ត្រជាតិ»។

លោក Rubio បានចោទប្រកាន់ អ្នកជំនាញរបស់ USAID ដែលភាគច្រើន ត្រូវបានកំណត់ ឱ្យឈប់សម្រាក ដើម្បីខកខាន មិនឆ្លើយសំណួររបស់រដ្ឋបាល Trump នាពេលថ្មីៗនេះ លើការផ្តល់មូលនិធិ និង អាទិភាព របស់ពួកគេ។

លោក Rubio បានបន្តថា «កម្រិតនៃការមិនចុះសម្រុងបែបនេះ ធ្វើឱ្យ USAID មិនអាចត្រូវបានពិនិត្យ បែបជាក់លាក់ បាននោះទេ..វានឹងឈប់ ហើយវានឹងបញ្ចប់»៕

ប្រភព៖ AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner