គ្រោះរញ្ជួយដីផ្ទួនៗវាយប្រហារកោះភ្នំភ្លើងដ៏ល្បីក្រិក
អាថែន ៖ គ្រោះរញ្ជួយដីតូចៗជាបន្តបន្ទាប់ បានអង្រួនដែនដីកោះភ្នំភ្លើង Santorini ដ៏ល្បីរបស់ប្រទេសក្រិក ខណៈដែលសាលារៀនជាច្រើនបន្តបិទទ្វារ ហើយនាវា និងជើងហោះហើរជាច្រើនត្រៀមចាំជួយជម្លៀសមនុស្សចាកចេញពីកោះនេះ កាលពីថ្ងៃចន្ទម្សិលមិញ។
ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីរលកនៃគ្រោះរញ្ជួយដីបានវាយប្រហារលើកោះទេសចរណ៍ Santorini ដែលបណ្តាលឱ្យមានការជម្លៀសមនុស្សដ៏ធំ។
ថ្លែងចេញពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក លោក Mitsotakis បានអះអាងថា អាជ្ញាធរកំពុងតាមដានបាតុភូតភូមិសាស្ត្រយ៉ាងដិតដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដូច្នេះរឿងសំខាន់បំផុត គឺសូមរក្សាភាពស្ងប់ស្ងាត់។
ការញ័ររំជួយបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតស្រាល ត្រូវបានកត់ត្រានៅចន្លោះកោះភ្នំភ្លើង Santorini និង Amorgos ក្នុងសមុទ្រ Aegean ចាប់តាំងពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយជំរុញឲ្យអាជ្ញាធរបិទសាលារៀន នៅកោះ Santorini និងកោះក្បែរនោះ គឺ Ios, Amorgos និង Anafi។
គ្រោះរញ្ជួយដីខ្លះមានកម្រិតលើសពី ៤រ៉ិចទ័រ បានធ្វើឲ្យកោះ Santorini មានរំញ័ររៀងរាល់ ២ទៅ៣នាទីម្តង កាលពីថ្ងៃចន្ទនេះ។ ជាវិធានការប្រុងប្រយ័ត្ននោះ អង្គភាពឆ្លើយតបគ្រោះមហន្តរាយត្រូវបានដាក់ពង្រាយនៅតំបន់នានា តាមស្ថានភាពជាក់ស្ដែង៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_10-49-24-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_10-49-27-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_10-49-29-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_10-49-30-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_10-49-35-1024x682.jpg)