ថៃគ្រោងប្រើតាក់ស៊ីហោះដឹកថ្នាំពេទ្យ និងអ្នកជំងឺនៅតំបន់ដាច់ស្រយាល

បរទេស៖ ផ្នែកសង្គ្រោះបន្ទាន់របស់ថៃគ្រោងនឹងប្រើប្រាស់ដ្រូនតាក់ស៊ី ស្វ័យបើកបរ ផលិតនៅប្រទេសចិន សម្រាប់ដឹកជញ្ជូនថ្នាំពេទ្យ និង អ្នកជំងឺ ទៅមក នៅតំបន់ដាច់ស្រយាល នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈ លោក Somsak Thepsuthin បាននិយាយថា លោកបានណែនាំ ដល់វិទ្យាស្ថានជាតិវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ពិនិត្យលទ្ធភាព នៃការដាក់ពង្រាយ ដ្រូនតាក់ស៊ីហោះហៅកាត់ AAV របស់ក្រុមហ៊ុន EHang ក្នុង
គោលបំណងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានការថែទាំសុខភាព នៅក្នុងទីតាំងពិបាកទៅដល់។

លោក Somsak បាននិយាយថា តាក់ស៊ីហោះ EHang អាចដំណើរបាន លុះត្រាតែអនុលោមតាមច្បាប់អាកាសចរណ៍ ហើយ ពេលនេះ ត្រូវរង់ចាំការធ្វើវិសោធនកម្មច្បាប់ ដើម្បីរួមបញ្ចូលបច្ចេកវិទ្យានេះ នៅក្នុងផ្នែកសង្គ្រោះបន្ទាន់។

យ៉ាងណាមិញ ថៃធ្លាប់បានសាកល្បងបង្ហោះដ្រូន EHang នេះ ជាលើកដំបូង កាលពីខែធ្នូ បន្ទាប់ពីត្រូវបានអនុញ្ញាត ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល។ ក្រុមហ៊ុនគ្រោងនឹងធ្វើតេស្តហោះហើរ បន្ថែមទៀត ហើយមានគោលបំណងផ្តួចផ្តើមសេវាកម្មពាណិជ្ជកម្ម នៅក្នុងតំបន់ ដូចជា នៅភូកេត និងកោះសាមុយ ក្នុងឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់ តាក់ស៊ីហោះ EHang នេះរួច មកហើយ ដោយបានរចនាឡើង ជាពិសេស សម្រាប់ប្រសិទ្ធិភាព នៃការផ្តល់ជូននូវការផ្គត់ផ្គង់វេជ្ជសាស្រ្ត ជាមួយនឹងការផ្ទុកមនុស្សចន្លោះ ពី២ ទៅ ៣នាក់៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner